មិត្តស្រីMaradonaម្នាក់ស្រក់ទឹកភ្នែកព្រោះមិនបានធ្វើរឿងមួយ
នាង Rocio Oliva អតីតមិត្តស្រីចុងក្រោយរបស់លោក Diego Maradona បានសម្រេចចិត្តធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីជាទីតម្កល់សពអតីតខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះដើម្បីនិយាយពាក្យលាចុងក្រោយ កាលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។
នាងថា គ្រាន់តែទៅដល់ភ្លាម ក្រុមការងារតម្រូវឲ្យឈរតម្រង់ជួរដូចគេដូចឯង ដោយមិនមាននរណាចេញមកទទួលឡើយ។ ផ្ទុយទៅវិញ ទោះតម្រូវឲ្យតម្រង់ជួរ នាងមិនត្រូវបានអនុញ្ញាតឲ្យចូលមើលសពជាលើកចុងក្រោយទេ។ តាមពិតទៅ Oliva ក៏មានឈ្មោះក្នុងបញ្ជីទៅមើលសពនេះដែរ តែចុងក្រោយ ក៏ត្រូវបានដកចេញវិញ។
Oliva ថ្លែងបែបនេះ “៖ពួកគេប្រាប់ខ្ញុំឲ្យទៅដល់ម៉ោង៧ ជាពេលរបងត្រូវបានបើកដើម្បីឲ្យមនុស្សចូល។ ពួកគេឲ្យខ្ញុំតម្រង់ជួរដូចអ្នកឯទៀត គ្មាននរណាមករកខ្ញុំទេ។ ខ្ញុំមិនដឹងសោះ ហេតុអ្វីពួកគេធ្វើបែបនេះ។ គ្រាន់តែចង់និយាយពាក្យលាចុងក្រោយដល់ Ex ខ្ញុំ ហើយទៅផ្ទះវិញសោះ មិនបានមែន។ អ្នកផ្សេងចូលបាន តែខ្ញុំចូលមិនបាន។ ខ្ញុំគឺជាអតីតមិត្តស្រីចុងក្រោយបង្អស់របស់គាត់។ ពេលត្រឹមមួយនាទីក៏មិនបានដែរមែន? បើខ្ញុំធ្វើអ្វីខុស ឲ្យខ្ញុំសូមទោស។”
នាង Rocio Oliva បានទាក់ទងគ្នាជាមួយលោក Maradona រយៈពេល៦ឆ្នាំពីឆ្នាំ២០១៣ដល់២០១៩។ បន្ទាប់ពីបែកគ្នា នាង Oliva បានប្ដឹងទាមទារប្រាក់មួយចំនួនពីវីរបុរសអាហ្សង់ទីន។ ទង្វើនេះធ្វើឲ្យក្រុមគ្រួសារលោក Maradona មិនសប្បាយចិត្តឡើយ៕