Zlatan ស្រក់ទឹកភ្នែកពេលវិលចូលជម្រើសជាតិស៊ុយអែតវិញ
Zlatan Ibrahimovic មិនអាចទប់អារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនបានទេអំឡុងសន្និសីទស្ដីពីការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិស៊ុយអែត។
ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះថ្លែងថា បានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយគ្រូបង្គោល លោក Janne Andersson មុនសម្រេចចិត្ត។ ការកោះហៅនេះមិនមែនដោយសារតែកេរ្ដិ៍ឈ្មោះទេ តែមកពីការលេងយ៉ាងល្អនៅ AC Milan រដូវកាលនេះ។
“Andersson និងខ្ញុំដឹងច្បាស់ថាអ្វីដែលល្អសម្រាប់ក្រុម។ អ៊ីចឹងហើយបានជាខ្ញុំឆ្លើយតបចំពោះគាត់។ ខ្ញុំជាកីឡាករល្អបំផុតលើលោក តែវាដូចជាការលេងរូបផ្គុំអ៊ីចឹង គឺខ្ញុំចូលមកបំពេញបទពិសោធរបស់ក្រុម។” នេះជាការលើកឡើងរបស់ Zlatan។
អតីតខ្សែប្រយុទ្ធ Manchester United បង្ហើបថា គេនឹងទទួលបានតំណែងប្រធានក្រុម ហើយក៏បានសុំលេខ១១ពី Andreas Granqvist ថែមទៀត។ ដើមឡើយ Emile Forsberg ចង់ឲ្យលេខ១០ដល់ Zlatan តែគេមិនទទួល។
Zlatan Ibrahimovic បង្ហាញខ្លួនចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៦ ហើយរកបាន៦២គ្រាប់ក្នុងចំណោម១១៦ប្រកួតសម្រាប់ស៊ុយអែត។ គេ និងមិត្តរួមក្រុមឯទៀតកំពុងត្រៀមវគ្គជម្រុះ FIFA World Cup 2022 តទល់ហ្សកហ្ស៊ី និងកូសូវ៉ូ។
រដូវកាលនេះ Zlatan រកបាន១៥គ្រាប់ក្នុងក្របខណ្ឌកំពូលអ៊ីតាលី។ គេក្លាយជាកីឡាករចាស់ជាងគេដែលអាចរកបានចំនួនគ្រាប់បាល់បែបនេះ៕