Chelsea សងសឹក Leicester យកតំណែងលេខ៣បណ្ដោះអាសន្ន
Chelsea បានយកឈ្នះ Leicester City ដើម្បីពង្រឹងក្ដីសង្ឃឹមក្នុងការយកកៅអីទៅប្រកួត UEFA Champions League រដូវកាលក្រោយ។
៣ថ្ងៃក្រោយចាញ់ក្រុមចចក១ទល់នឹង០ក្នុងវគ្គផ្ដាច់ព្រ័ត្រ FA Cup ក្រុមតោខៀវអាចសងសឹកវិញបានសម្រេច ដោយលទ្ធផល២ទល់នឹង១ក្នុងការប្រកួត Premier League ពីមុខអ្នកទស្សនាជាង៨០០០នាក់។
ខ្សែការពារ Antonio Rudiger ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានសម្រេចសម្រាប់ក្រុមលោក Thomas Tuchel ពេល Cesar Azpilicueta តែតប៉ះ Rudiger ចូលទីនាទី៤៧។ ដល់នាទី៦៦ Jorginho ទាត់បាល់១១ម៉ែត្របញ្ចូលទី ក្រោយខ្សែការពារ Wesley Fofana ធ្វើឲ្យ Timo Werner ដួលក្នុងប្រអប់អ្នកចាំទី។
Kelechi Iheanacho ទាត់ចូលតាមពីក្រោយនាទី៧៦ដែរ តែមិនអាចសង្គ្រោះក្រុមជើងឯក FA Cup បានទេ។
ជ័យជម្នះនេះមានន័យថា Chelsea ឡើងទៅកាន់លេខ៣ មាន៦៧ពិន្ទុជំនួស Leicester ដែលរអិលទៅលេខ៤ មាន៦៦ពិន្ទុដដែល។ ដូច្នេះ Leicester ក៏ប្រឈមនឹងការរបូតឱកាសទៅ UEFA Champions League ដោយនាំមុខក្រុមលេខ៥ Liverpool ៣ពិន្ទុ ហើយក្រុមហង្សក្រហមលេងតិចជាងមួយប្រកួតថែមទៀត៕