Klopp ៖ មានអ្នកគិតខុសថា យើងមិនឈ្នះ Leipzig តែយើងអាចធ្វើបាន
អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថា ជ័យជម្នះ០ទល់នឹង២លើ RB Leipzig បានធ្វើឲ្យអ្នកទស្សនាមួយចំនួនបានភ្លឺភ្នែក ព្រោះមុនប្រកួតចូលមកដល់ មិនសូវមានអ្នកសង្ឃឹម ក្រុមខ្លួនអាចធ្វើបានទេ។
គ្រាប់បាល់ពី Mohamed Salah នាទី៥៣ និង Sadio Mane នាទី៥៨ បានផ្ដល់ការនាំមុខ០ទល់នឹង២ក្នុងជើងទីមួយ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ នាកីឡដ្ឋាន Puskas នាក្រុង Budapest ប្រទេសហុងគ្រី ដោយសារតែមិនអាចលេងនៅអាល្លឺម៉ង់បាន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៊ែកឡាំងរឹតបន្តឹងជុំវិញការរាលដាលជំងឺកូវីដ១៩។
ក្ដីរំពឹងតិចពីមតិមួយចំនួន ពីព្រោះគេឃើញថា Liverpool បរាជ័យជាប់ៗគ្នានៅ Premier League ថ្មីៗនេះ ដែលលទ្ធផលនោះក៏ធ្វើឲ្យហង្សក្រហមមិនអាចការពារតំណែងជើងឯកបានថែមទៀត។ ផ្ទុយទៅវិញការលេងយប់មិញពិតជាលើសការរំពឹងទុក។
លោក Klopp ថ្លែងបែបនេះ “៖មនុស្សជាច្រើនគិតថា យើងនឹងអាចចាញ់ ដោយសារស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន។ យ៉ាងណា យើងមិនចាញ់ដូចពួកគេគិតទេ។ ខ្ញុំពិតចជារីករាយខ្លាំងណាស់។ នេះជាការប្រកួតដែលយើងចង់បាន។ Leipzig ដូចបិសាចអ៊ីចឹង ទាំងការប្រឹងប្រែង និងកាយសម្បទា ប៉ុន្តែយើងអាចគ្រប់គ្រងពួកគេបានដោយយុទ្ធសាស្ត្ររបស់យើង។”
ជើងទី២រវាងក្រុមទាំង២នឹងធ្វើឡើងនៅ Anfield ថ្ងៃទី១០ ខែមីនា៕