
Asamoah Gyan ធ្លាប់ទទួលបានកម្រៃខ្លួនកប់ពពកពេលនេះធ្លាក់ខ្លួនសល់លុយត្រឹម600£នៅក្នុងគណនីធនាគារ
អតីតកីឡាករល្បីឈ្មោះរបស់ឆ្មាខ្មៅ Sunderland ដែលធ្លាប់បានទទួលកម្រៃពលកម្មនៅលើវាលស្មៅចំនួន 227,000£ក្នុងមួយសប្តាហ៍មួយរូបបានបង្ហោះសារដ៏គួរអោយសោកសៅនៅលើបណ្តាញសង្គមដោយបានបញ្ជាក់ថា “ដកដាក់ចុះឡើង ពេលនេះក្នុងគណនីធនាគារខ្ញុំនៅសល់តែ600ផោនទេ”។ បុរសម្នាក់នេះត្រូវបសនគេចាំថាជា Asamoah Gyan ជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិហ្គាណាផងដែរ។
ក្រោយពីបំពេញតួនាទីជាខ្សែប្រយុទ្ធរបស់ឆ្មាខ្មៅនៅអង់គ្លេសបានចំនួន2រដូវកាលរូបគេត្រូវបានដាក់អោយក្លិប Al-In របស់អារ៉ាប់ខ្ចីយកទៅលេងនៅឆ្នាំ2012។ ក្រោយពីក្លាយជាកីឡាករនៅលើទឹកដីមហាសេដ្ឋីប្រេងនៅឆ្នាំ2015 អ្នកទាត់បាល់អាជីពដែលមានជីវភាពឡូយឆាយតាមរយៈការបង្ហាញខ្លួនជាមួយគ្រឿងអលង្ការថ្លៃៗនិងឡានទំនើបៗសេរីខ្ពស់រូបនេះក៏បានផ្លាស់ទៅលេងអោយក្លិប Shanghai SIPG របស់ចិនដែលនៅទីនោះគេអាចរកចំណូលក្នុងមួយសប្តាហ៍ចំនួន 227,000ផោនក្នុងមួយសប្តាហ៍។
គេធ្លាប់ជាមនុស្សដែលមានភូមិគ្រិះធំទ្រនំខ្ពស់ មានយន្តហោះខ្នាតតូចផ្ទាល់ខ្លួននិងដាក់ជួលអោយក្រុមហ៊ុនអាកាសចរស៊ីវិលរបស់ប្រទេសហ្គាណា ក៏ប៉ុន្តែបែប្រែទៅជាអាប់អួរនៅពេលដែលគេលេងមិនសូវបានល្អ ស៊ុតក៏មិនសូវចូល និងមានរឿងរ៉ាវផ្សេងទៀតទាក់ទងទៅនិងការចំណាយដូចមហាសេដ្ឋី ជាពិសេសនៅពេលដែលគេប្តូរមកលេងនៅក្លិប Kayseryspor របស់ប្រទេស ទួរគី នាពេលបច្ចុប្បន្ននេះ។ ក្លិបនេះហើយដែល Gyan បានធ្លោយមាត់និយាយថានៅមិនទាន់បើកប្រាក់ខែអោយគេនៅឡើយទេខណៈដែលគេលេងបាន9ប្រកួតស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់ដែរនោះ។
កីឡាករស៊ុតប៉េណាល់ទីមិនចូលនៅ World Cup 2006 រូបនេះត្រូវបានសារព័ត៌មានអន្តរជាតិលើកឡើងថា រូបគេបានខកខានក្នុងការទាក់ទងទៅប្រពន្ធនិងកូនចំនួន3នាក់នៅប្រទេសកំណើតអស់រយៈពេល3ខែមកហើយ សូម្បីតែថ្ងៃបុណ្យណូអែលដែលទើបតែកន្លងទៅនេះក៏គេមិនអើរពើរភ្ជាប់ទំនាក់ទំនងទៅរកពួកគេដែរ កូនៗនិងប្រពន្ធរបស់កីឡាករវ័យ33ឆ្នាំរូបនេះកំពុងព្រួយបារម្ភពីសុខទុក្ខរបស់ Gyan ជាខ្លាំង។
តែទន្ទឹមនិងនេះក៏មានព័ត៌មានបែកធ្លាយដែរថា Asamoah Gyan កំពុងប្តឹងលែងលះប្រពន្ធនិងទាមទារអោយពិនិត្យ DNA កូនៗរបស់គេដែលគេសង្ស័យថាមិនមែនជាកូនរបស់គេបង្កើតទៅវិញ ដោយសារតែគេប្រច័ន្ទប្រពន្ធជាមួយនិងបងប្រុសបង្កើតរបស់ខ្លួន។ ចំពោះការប្រកាសធ្លាក់ខ្លួនថាសល់លុយតែ600ផោននេះដែរ ត្រូវបានគេចោទសួរទៅវិញថាជារឿងពិតឬអត់? ឬក៏លុយរបស់ Gyan ទុកនៅក្នុងគណីធនាគារផ្សេងមួយទៀត?