ចាញ់ Brighton យប់មិញ Liverpool ទទួលបានកំណត់ត្រាមិនល្អមួយក្នុងដី
មានរយៈពេល៣៤៨នាទីហើយដែល Liverpool ធ្វើបានមិនល្អសោះក្នុងការប្រកួតនៅកីឡដ្ឋាន Anfield ជាពួកគេធ្លាប់មិនចាញ់សោះរយៈពេល៤ឆ្នាំ។
ក្រុមហង្សក្រហមបានប្រកួតចាញ់ Brighton ០ទល់នឹង១ ក្នុងជំនួប Premier League នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមស្ថិតិពីស្ថាប័នមួយឈ្មោះថា Opta នេះជាកំណត់ត្រាអាក្រក់មួយរយៈពេល៣៧ឆ្នាំដែលក្រុមលោក Jurgen Klopp រកគ្រាប់បាល់មិនបានសោះក្នុងដីខ្លួនឯង៣ប្រកួតជាប់ៗគ្នា។ ជាក់ស្ដែង ក្រៅពីចាញ់ Brighton ០ទល់នឹង១ ពួកគេបានស្មើ០-០ជាមួយ Man UTD និងចាញ់ Burnley ០ទល់នឹង១។
នេះក៏ជាការចាញ់២ប្រកួតជាប់គ្នាលើដីខ្លួនឯងសម្រាប់ Liverpool។ ពួកគេធ្លាប់ជួបលទ្ធផលបែបនេះកាលពី៩ឆ្នាំមុន។
តាមពិតទៅ Anfield ជាកីឡដ្ឋានដ៏លំបាកមួយសម្រាប់ក្រុមភ្ញៀវនាពេលកន្លងមកដោយសារតែអ្នកគាំទ្រហង្សក្រហមតែងតែស្រែកបំបាក់ទឹកចិត្តកីឡាករគូប្រជែង។ ដូចលោក Pep Guardiola អ្នកចាត់ការ Manchester City ធ្លាប់លើកឡើងដែរថា ពេលទៅលេងនៅ Anfield កីឡាករក្រុមផ្សេងប្រែជាមានចិត្តតូចទៅវិញ។ ផ្ទុយទៅវិញ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ធ្វើឲ្យមានការផ្អាកអ្នកចូលមើលបណ្ដោះអាសន្ន។ ម្យ៉ាងបញ្ហារបួសខ្សែការពារសំខាន់ៗមួយចំនួនកាន់តែបណ្ដាលមានការលំបាកដល់ Liverpool៕