Man City ផ្តល់លុយ២០០លានផោនឱ្យ Pep Guardiola ទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀត
Manchester City ត្រូវបានគេរាយការណ៍មកថា បានត្រៀមផ្តល់លុយ២០០លានផោនដើម្បីធ្វើការទិញកីឡាករមកពង្រឹងក្រុមបន្ថែមទៀតនៅរដូវក្តៅខាងមុខ។
ការផ្តល់លុយដ៏ច្រើនខាងលើនេះគឺយោងតាមការស្នើសុំរបស់គ្រូបង្វឹក Pep Guardiola ដើម្បីយកមកបំពេញចន្លោះប្រហោងដែលមាននៅរដូវកាលនេះ ជាពិសេសនៅតំបន់ប្រយុទ្ធតែម្តង ក្រោយពេលដែលខ្សែប្រយុទ្ធ Sergio Aguero រងរបួស។
យ៉ាងណាក្តី បុរសជនជាតិអេស្ប៉ាញមិនទាន់បានកំណត់គោលដៅក្នុងការចង់បាននៅឡើយទេ ខណៈ Erling Haaland និង Jadon Sancho រួមជាមួយ Harry Kane ត្រូវបានស្ថិតក្នុងរ៉ាដារបស់ក្រុមមហាសេដ្ឋីអារ៉ាប់ទៅហើយ។
គួរឱ្យដឹងថា ក្រុមរហស្សនាមមេឃខៀវ កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងគ្រប់ពានរង្វាន់ទាំងអស់ ដោយឈរនៅលេខ២នៅក្របខ័ណ្ឌ Premier League, ឈានដល់វគ្គ១៦ក្រុមពានរង្វាន់ UEFA Champions League, ជុំទី៤នៅពានរង្វាន់ FA Cup និងឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ផងដែរ។