ខ្សែការពារឆ្នើម Bayern ម្នាក់ព្រមផ្លាស់ទៅ Real រដូវកាលក្រោយ
David Alaba នឹងបន្តស្នាក់នៅ Bayern Munich រហូតដល់ដាច់រដូវកាល២០២០/២០២១មុនចូលរួមជាមួយ Real Madrid ដោយឥតគិតថ្លៃចាប់ពីរដូវកាលក្រោយតទៅ។
សារព័ត៌មាន Marca បង្ហើបថា ខ្សែការពារជនជាតិអូទ្រីសខាងលើបានយល់ស៊ីញ៉េកុងត្រា៤ឆ្នាំជាមួយ Real Madrid និងទទួលបានថ្លៃនឿយហត់១១លានអឺរ៉ូក្នុងមួយរដូវកាល។ កិច្ចសន្យារបស់គេនៅ Bayern Munich នឹងអស់សុពលភាពចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ហើយអាចចរចាជាមួយទ្រនំថ្មីណាមួយបានពីថ្ងៃទី០១ ខែមករា។
Alaba បានពិនិត្យសុខភាពដោយជោគជ័យពីមុខពេទ្យរបស់ Real Madrid។
David Alaba បានចូលរួមជាមួយ Bayern Munich ពី Austria Wien នៃក្របខណ្ឌកំពូលអូទ្រីស ឆ្នាំ២០០៩ និងរួមចំណែកលើកពានយ៉ាងច្រើននៅអាល្លឺម៉ង់ទាំង UEFA Champions League និង Bundesliga។
Bayern Munich បានព្យាយាមចរចាកុងត្រាថ្មីដែរ ដោយលើកឡើងនូវ៣ជម្រើស តែយ៉ាងណា កីឡាករវ័យ២៨ឆ្នាំបានបដិសេធមិនបន្តឡើយ៕