Beckham យកអតីតមិត្តរួមក្រុមនៅ Man UTD ម្នាក់ទៅដឹកនាំក្លិបខ្លួន
ក្លិបបាល់ទាត់ Inter Miami របស់អតីតតារាឆ្នើម David Beckham បានតែងតាំងលោក Philip Neville ជាគ្រូបង្គោលថ្មីដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌ Major League Soccer នៃសហរដ្ឋអាមេរិក។
បុរសវ័យ៤៣ឆ្នាំបានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិបាល់ទាត់នារីអង់គ្លេសតាំងពីខែមករា ឆ្នាំ២០១៨ម្ល៉េះ ហើយកិច្ចសន្យារបស់លោកត្រូវអស់សុពលភាពក្នុងខែកក្កដា ឆ្នាំ២០២១។
សហព័ន្ធបាល់ទាត់អង់គ្លេសនឹងប្រកាសពីអ្នកចាត់ការបណ្ដោះអាសន្ន រហូតដល់ពេលតែងតាំងអ្នកស្រី Sarina Wiegman ជាផ្លូវការ។
អ្នកស្រី Wiegman ជាអ្នកចាត់ការជម្រើសជាតិនារីហុល្លង់ គ្រោងចូលដឹកនាំអង់គ្លេសក្នុងព្រឹត្តិការណ៍អូឡាំពិកនាក្រុងតូក្យូ ខែសីហា ខាងមុខ។
តាមគម្រោង គឺលោក Neville អាចនឹងបន្តដឹកនាំក្រុមនារីអង់គ្លេសទៅអូឡាំពិក តែការផ្លាស់ទៅសហរដ្ឋអាមេរិក មានន័យថា សហព័ន្ធត្រូវស្វែងរកបេក្ខជនថ្មីទៀត។
គួរដឹងដែរថា ទាំងលោក Philip Neville និង David Beckham សុទ្ធតែជាអតីតសមាជិកស្នូលរបស់ Manchester United ដោយរួមឈ្នះពានរង្វាន់យ៉ាងច្រើន ជាពិសេស UEFA Champions League 1999៕