Tottenham ឡើងផ្ដាច់ព្រ័ត្រ EFL Cup
Tottenham Hotspur នៅសល់តែមួយដំណាក់កាលទៀតទេដើម្បីឈានទៅក្រសោបពានរង្វាន់លើកដំបូងក្នុងរយៈពេល១៣ឆ្នាំ ខណៈពួកគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ EFL Cup ក្រោយឈ្នះ Brentford ២ទល់នឹង០ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។
Spurs ខានឈ្នះពាននឹងគេតាំងពីឆ្នាំ២០០៨ម្ល៉េះដែលកាលណោះពួកគេបានលើកពាន EFL Cup នេះដោយឈ្នះ Chelsea វគ្គផ្ដាច់ព្រ័ត្រ។
សម្រាប់ Brentford វិញបានទម្លាក់ក្លិប៤នៅ Premier League តែមកប៉ះមាន់ខ្នាយមាសហាក់ពិបាក។ នៅនាទី១២ Moussa Sissoko បានតែតបញ្ចូលទីក្រោយទទួលពីការបញ្ជូនដោយ Sergio Reguilon។
ក្រុមមកពីក្របខណ្ឌទី២អង់គ្លេស (the Championship) បានព្យាយាមសម្រុកដែរ ហើយការតែតបញ្ចូលទីពីរ Ivan Toney ត្រូវបានបដិសេធដោយសារ off-side។
ក្រុមលោក Mourinho បានបង្កើនការនាំមុខដោយ Son Heung-min ក្នុងនាទី៧០ ហើយនៅនាទីទី៨៤ Brentford របូតអស់កូនក្រុមម្នាក់ គឺ Josh Da Silva ដែលទទួលបានកាតក្រហមក្រោយបង្កកំហុសលើ Pierre-Emile Hojbjerg។
ដូច្នេះ Tottenham Hotspur ត្រូវរង់ចាំក្រុមឈ្នះមួយក្រុមទៀតដែល Manchester United ត្រូវប៉ះ Manchester City។ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Wembley ក្នុងខែមេសា ឆ្នាំ២០២១៕