Pep បង្ហើបទុក្ខលំបាកមួយមុនប៉ះ Man UTD នៅ EFL Cup
អ្នកចាត់ការ Pep Guardiola ទទូចថា Manchester City មិនមានកីឡាករច្រើនទេសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EFL Cup តទល់ Manchester United នៅរាត្រីថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
គ្រូធំក្រុមមេឃខៀវត្អូញត្អែរបែបនេះ “៖យើងអត់មានកីឡាករច្រើនទេ។ បើមួយប្រកួតពីរប្រកួតអីមិនថ្វីទេ តែបើនៅតែបែបនេះយូរពេក ពិបាកណាស់។ កីឡាករលេងបានមានតែ១៤-១៥នាក់ហ្នឹង។”
អតីតអ្នកចាត់ការ FC Barcelona និង Bayern Munich បន្ថែម “៖យើងដឹងហើយថា ពិបាកលោកកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ អ៊ីចឹងយើងត្រូវតែព្យាយាមសម្របតាមដែលអាចធ្វើបាន។ អត់មានជម្រើសអីច្រើនទេ។ សំខាន់ធ្វើម៉េចកីឡាករយើងឆាប់ជា។”
កីឡាករ Man City ដល់ទៅ៦នាក់ត្រូវបានធ្វើតេស្ដឃើញវិជ្ជមាន រួមមាន Eric Garcia, Gabriel Jesus, Kyle Walker និង Ederson Moraes ជាដើម ដែលសុទ្ធតែកូនក្រុមស្នូល។
“យើងអត់មានខ្សែប្រយុទ្ធទេ។ តាមពិតទៅ Sterling អាចលេងបាន តែខ្ញុំចង់ឲ្យលេងស្លាបវិញ។” លោក Pep សង្កត់ធ្ងន់។
ការប្រកួតរាត្រីនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Old Trafford ដើម្បីស្វែងរកក្រុមទៅប៉ះ Tottenham Hotspur វគ្គផ្ដាច់ព្រ័ត្រ។
ដោយឡែក ទោះអត់មានកីឡាករសំខាន់ៗមួយចំនួន Man City នៅតែអាចឈ្នះ Chelsea ដល់ Stamford Bridge ដោយលទ្ធផល៣ទល់នឹង១ និងបន្តភាពមិនចាញ់សោះក្នុងចំណោម១១ប្រកួតចុងក្រោយ៕