៧ចំនុចដែលម្ចាស់ថ្មីរបស់ក្លិប Newcastle United ត្រូវតែធ្វើ
(BC-99)
ព្រះអង្គម្ចាស់ដែលជារាជទាយាទរបស់រាជាណាចក្រ អារ៉ាប៊ីសាអូឌី Mohammed Binsalman កំពុងតែដាក់គោលដៅដើម្បីកែប្រែ Newcastle ពីក្លិបធម្មតាទៅជាក្លឹបអ្នកមានបំផុតមួយនៅលើពិភពលោកក្នុងពេលដ៏ខ្លីនេះ តែមានចំនុច៧យ៉ាងដែលអ្នកវិភាគថាម្ចាស់ថ្មីរូបនេះត្រូវតែធ្វើ។
១-ជ្រើសរើសអ្នកចាត់ការថ្មី៖
ថ្វីត្បិតតែអ្នកចាត់ការទូទៅបច្ចុប្បន្ន Steve Bruce បានខិតខំជួយក្រុមអស់ពីកម្លាំងកាយចិត្ត តែលោកហាក់ដូចជាគ្មានប្រជាប្រិយភាពក្នុងក្រសែភ្នែកអ្នកគាំទ្រឡើយ។ ពិតណាស់នៅពេលដែល Newcastle សម្បូរហូរហៀរដោយទ្រព្យបែបនេះអ្នកចាត់ការថ្មីដែលមានប្របវត្តិនិងស្នាដៃដឹកនាំបានល្អប្រាកដជាត្រូវកត់ចូលបញ្ជីជាមិនខានក្នុងនោះគេមើលឃើញមានលោក Eddie Howe និង Chris Wilder តែអ្នកទាំងពីរនៅតែចាញ់កាលីបលោក Antonio Conte និងលោក Zinedine Zidance នៅឡើយទេ។
២-ប្រមាញ់យកកីឡាករល្អៗនៅខែមករានេះ៖
នេះគឺជារឿងចាំបាច់មួយដែល Newcastle ត្រូវតែអនុវត្តន៍ជាដាច់ខាត។ កីឡាករដែលមាននៅក្នុងក្រុមនៅពេលនេះមិនប្រាកដថាជួយក្រុមឱ្យមានស្ថេរភាពឋិតនៅក្របខណ្ឌ Premier League ជាបន្តនៅរដូវកាលក្រោយទេ។ នៅរដូវកាលនេះគេពុំត្រូវរំពឹងខ្ពស់ក្នុងការដណ្តើមចំណាត់ថ្នាក់ល្អពេកនោះទេ តែត្រូវទិញកីឡាករមកជួយក្រុមឱ្យគេចផុតពីតំបន់ដែលកាត់ចោលឱ្យឆ្ងាយសិន។ រដូវកាលបន្ទាប់ការទិញកីឡាករបន្ថែមទើបអាចត្រួសត្រាយឱ្យ Newcastle ធ្វើអ្វីមួយបាន។ ដំណឹងថ្មីៗនេះបានបង្ហើបថា Mauro Icardi របស់ PSG កំពុងតែត្រូវបាន Newcastle ចាប់អារម្មណ៍ចង់បាននៅខែមករានេះ។
៣-បញ្ចុះបញ្ចូលឱ្យ Allan Saint-Maximin កុំឱ្យចាកចេញ៖
កីឡាករបារាំងរូបនេះក៏មិនខុសពីលោក Steve Bruce ដែរគឺបានខិតខំជួយក្រុមយ៉ាងសស្រាក់សស្រាំតែបែជាទទួលការស្តីបន្ទោសពីអ្នកប្រិយមិត្តទៅវិញ។ Allan មានបំណងចាកចេញពី Newcastle នៅរដូវកាលក្រោយ តែការរក្សាគេទុកគឺជារឿងសំខាន់សម្រាប់ក្រុម។ ថ្វីត្បិតតែមិនល្បីដូចជា Ronaldo ឬ Messi តែរូបគេយល់ពី Newcastle ច្បាស់។ វត្តមានរបស់គេគឺជាដំណាងភក្តីភាពរបស់ក្លិបមានចំពោះកីឡាករ។
៤-អភិវឌ្ឍនកីឡាករថ្នាលនិងសកម្មភាពហ្វឹកហាត់៖
បើគេនិយាយពីក្លិបដែលជោគជ័យគឺមិនមែនជាក្លិបដែលចាំតែទិញកីឡាករស្រាប់ៗតាមអំណាចទឹកប្រាក់នោះទេ។ អ្វីៗមិនទៀងទាត់ឡើយ ការកសាងសមិទ្ធិផលរបស់ខ្លួនចាប់តាំងពីថ្នាលគឺជារឿងល្អបំផុតរបស់កិ្លបសារិការព្រៃ។ Newcastle មានភាពល្បីល្បាញដោយសារវត្តមាន Alan Shearer និង Kevin Keegan តែក្រោយពីអស់អ្នកទាំងនេះពួកគេក៏ធ្លាក់ចុះដោយសារតែគេពុំបានបណ្តុះធនធានថ្មីឱ្យបានល្អទុកជំនួសអ្នកចាស់។
៥-អញ្ជើញវិរបុរសរបស់ក្លិបដូចជា Alan Shearer និង Kevin Keegan ឱ្យត្រឡប់មកវិញ៖
អតីតកីឡាករនិងជាវិរបុរសរបស់ក្លិបមិនគួរមានតែឈ្មោះនៅពេលដែលពួកគាត់នៅមានជីវិតទេ តែគួរអញ្ជើញអ្នកទាំងនេះមកចូលរួមអភិវឌ្ឍនក្លិបតាមរយៈការចែករំលែកបទពិសោធន៍ឬក៏ជាអ្នកផ្តល់យោបល់តម្រង់ទិស។ នៅពេលកន្លងមកលោក Mike Ashley ដែលជាម្ចាស់ចាស់របស់ក្លិបមិនដែលគិតពីរឿងនេះទេក្រៅពីបានអញ្ចើញពួកគេម្តងម្កាលឱ្យមកអង្គុយទស្សនាការប្រកួតតែប៉ុណ្ណោះ។
៦-ដោះស្លាក Sport Direct ចោលឱ្យអស់៖
ហេតុអ្វី? ព្រោះវាជាក្រុមហ៊ុនរបស់លោក Mike Ashley ដែលបានទាញយកប្រយោជន៍ពី Newcastle អស់រាប់ឆ្នាំមកហើយ។ ប្រជាប្រិយភាពរបស់លោក Ashley មិនមានក្នុងដួងចិត្តអ្នកគាំទ្រទេ ការឃើញស្លាកឧបត្ថម្ភ Sport Direct គឺដូចជាឃើញម្ចាស់ដែលមានចិត្តកំណាញ់យ៉ាងដូច្នេះដែរ។ គេគួរតែដកស្លាកនេះចោលឱ្យអស់ពីកីឡដ្ឋាន St Jame’s Park ។
៧-កសាងទំនុកចិត្តអ្នកគាំទ្រឡើងវិញ៖
តាមពិតទៅវាមិនខ្វះទេអ្នកដែលគាំទ្រក្លិប សារិការព្រៃនៅ អង់គ្លេស តែគេបានលើកឡើងដោយមិនខ្លាចពាក្យអសុរោះវាយបកវិញថា ចំនួនអ្នកគាំទ្រក្លិបរបស់ Newcastle United នៅលើបណ្តាញសង្គមនៅតែមិនបានស្មើ Ronaldo ឬ Messi ម្នាក់ឡើយ! ហើយវាជាការពិតណាស់សម័យ Internet ក្រៅពីប្រិយ៍មិត្តដែលគាំទ្រដោយផ្ទាល់គេក៏ត្រូវការអ្នកគាំទ្រមកពីគ្រប់ច្រកល្ហកទូទាំងពិភពលោកតាមរយៈបណ្តាញសង្គមដែរ។ យើងចោទសួរថានៅប្រទេសកម្ពុជាយើងតើមានអ្នកគាំទ្រ Newcastle ប៉ុន្មានបើធៀបទៅនិងក្រុមផ្សេងទៀតដែលនេះជាឧទាហរណ៍ជាក់ស្តែង។ មានអ្នកស្គាល់ក្លិបកាន់តែច្រើននាំឱ្យមានអ្នកគាំទ្រក្លិបកាន់តែច្រើននិងធ្វើឱ្យក្លិបកាន់តែល្បី។