ម្ចាស់ក្លិប Man United ពិចារណាតែងតាំង Sir Alex ជានាយកប្រតិបត្តិជំនួស Ed Woodward
ម្ចាស់ក្លិប Manchester United ត្រូវគេរាយការណ៍មកថា កំពុងឋិតក្នុងការពិចារណាសម្រេចជ្រើសរើសអតីតគ្រូបង្វឹក Sir Alex Ferguson មកជំនួសតំណែងលោក Ed Woodward ក្នុងនាមជានាយកប្រតិបត្តិសម្រាប់បិសាចក្រហមនៅដំណាច់រដូវកាលនេះ។
ចាប់តាំងពីចូលនិវត្តន៍នៅឆ្នាំ២០១៣មកដល់បច្ចុប្បន្ននេះ បុរសជនជាតិស្កុតឡែនទទួលបានតំណែងជាទូតសុឆន្ទៈរបស់ Manchester United ដែលប្រិយមិត្តគ្រប់ៗគ្នាតែងតែឃើញវត្តមានរបស់វីរបុរសរូបនេះស្ទើរគ្រប់ការប្រកួតរបស់ក្លឹបផងដែរ។
កាលពីពេលថ្មីៗនេះ Manchester United កំពុងតែជួបវិបត្តិជាមួយអ្នកគាំទ្រយ៉ាងធ្ងន់ធ្ងរក្រោយពីបានប្រកាសចូលលេងក្នុងពានរង្វាន់ Super League កាលពីពេលថ្មីៗនេះ ដែលជាហេតុធ្វើឱ្យប្រិយមិត្តជាច្រើននៅជុំវិញពិភពលោក ក៏ដូចជានៅអង់គ្លេសផ្ទាល់តែម្តងមានការខឹងសម្បាយ់ាងខ្លាំងរហូតដល់ថ្នាក់ចូលមកអុកឡុកដល់កីឡដ្ឋាន Old Trafford ធ្វើឱ្យខកខានការប្រកួតជាមួយ Liverpool ថែមទៀតផង។
ក្រោយពីជួបបញ្ហាខាងលើនេះ នាយកប្រតិបត្តិ Ed Woodward ក៏បានប្រកាសលាលែងតំណែងនៅដំណាច់រដូវកាលនេះដូចគ្នា ខណៈត្រូវបានគេចុះផ្សាយមកថាគឺដោយសារតែមិនពេញចិត្តជាមួយម្ចាស់ក្លឹបរឿងចូលរួមពានរង្វាន់ថ្មី Super League។ ដោយឡែកគិតមកទល់ពេលនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយអ្នកគាំទ្រ ត្រកូល Glazer ដែលជាម្ចាស់ភាគហ៊ុនធំរបស់បិសាចក្រហមកំពុងតែពិចារណាសម្រេចជ្រើសរើសលោក Sir Alex Ferguson ជានាយកប្រតិបត្តិដើម្បីដឹកនាំក្បាលម៉ាស៊ីនជាបន្តនៅដំណាច់រដូវកាលនេះ។
គួរឱ្យដឹងថា អតីតអ្នកចាំទី Edwin Van Der Sar ក៏ត្រូវបានគេចុះផ្សាយមកថាក៏ជាបេក្ខភាពមួយដែលអាចមកជំនួសកៅអីជានាយកប្រតិបត្តិរបស់ Manchester United នារដូវកាលក្រោយផងដែរ។