កីឡាករអ៊ុយរុយហ្គាយស្នើអង់គ្លេសលុបចោលបម្រាម Cavani
សហជីពកីឡាករបាល់ទាត់អ៊ុយរុយហ្គាយបានអំពាវនាវដល់សហព័ន្ធបាល់ទាត់អង់គ្លេសលុបចោលបម្រាម៣ប្រកួតលើ Edison Cavani។
ខ្សែប្រយុទ្ធ Manchester United ត្រូវបានពិន័យជាប្រាក់១០ម៉ឺនផោន និង៣ប្រកួតដោយសារការផុសពាក្យសម្ដីមិនសមរម្យមួយចំនួនជាភាសាអេស្ប៉ាញលើបណ្ដាញសង្គម។
ជាមួយគ្នានេះ Luis Suarez និង Diego Godin បានចែករំលែកសេចក្ដីថ្លែងការណ៍ដោយចាត់ទុកការដាក់ពិន័យនេះជាទង្វើបំពាន។
សហព័ន្ធបាល់ទាត់អ៊ុយរុយហ្គាយមានបំណងចង់ឲ្យលុបចោលដូចគ្នា។
ក្នុងលិខិតដែលមានហត្ថលេខាកីឡាករអាជីព និងមិនអាជីពអ៊ុយរុយហ្គាយបានរៀបរាប់ថា ទង្វើរបស់សហព័ន្ធបាល់ទាត់អង់គ្លេសហាក់ជាការប្រឆាំងវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនអ៊ុយរុយហ្គាយ។
សេចក្ដីថ្លែងការណ៍ពីសហជីពកីឡាករអ៊ុយរុយហ្គាយរៀបរាប់បែបនេះ “៖ Edison Cavani មិនធ្លាប់ធ្វើទង្វើដែលត្រូវបានគេចាត់ទុកថា ជាការរើសអើងឡើយ។ ការបង្ហាញចំណាប់អារម្មណ៍របស់គេគឺជារឿងធម្មតាប៉ុណ្ណោះក្នុងបរិបទអាមេរិកឡាទីន។ ការដាក់ទណ្ឌកម្មនេះហាក់មានភាពលម្អៀង, ខុសពីការពិត និងហាក់បែងចែកពូជសាសន៍”៕