PSG ដែលគ្មានកីឡាករសំខាន់៧រូបបើកឆាក Ligue 1 ចាញ់ក្រុមទើបឡើងថ្មី Lens
Paris St-Germain បានផ្តើមយុទ្ធនាការ Ligue 1 រដូវកាល២០២០/២០២១ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ដោយចាញ់ក្រុមទើបឡើងថ្មី Lens ដោយលទ្ធផល១ទល់នឹង០។
ការប្រកួតនេះស្ថិតក្នុងភាពស្រពេចស្រពិល បន្ទាប់ពីក្រុមការពារតំណែងជើងឯក PSG គ្មានកីឡាករ៧នាក់ ដោយសារជំងឺកូវីដ១៩ដែលក្នុងនោះមានទាំង Neymar និង Kylian Mbappe។
Lens ព្យាយាមឆក់ឱកាសនេះពេញទំហឹងតែម្ដង ហើយ Ignatius Ganago ជាអ្នកសម្រេចគ្រាប់ជ័យជម្នះ ក្រោយអ្នកចាំទីដៃទី៣ Marcin Bulka បញ្ជូនបាល់ឲ្យមិត្តរួមក្រុម តែអ្នកស៊ុតចូលរូបនេះឆក់បាល់បាន។
ការប្រកួតនេះត្រូវបានលេងនៅចំពោះមុខអ្នកគាំទ្រចំនួន ៥០០០ នាក់នៅ Stade Bollaert-Delelis របស់ Lens។
PSG បានឈ្នះជើងឯកក្របខណ្ឌកំពូលបារាំង៧ដងក្នុងចំណោម៨លើកចុងក្រោយ។
Neymar, មិត្តរួមជាតិ Marquinhos និងកីឡាករអាហ្សង់ទីន Angel di Maria និង Mauro Icardi សុទ្ធតែអវត្តមានសម្រាប់ក្រុមភ្ញៀវ។
PSG នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Marseille នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា៕