
Arsenal ប្រកាសដាក់លក់ដេញថ្លៃកីឡាករ ៣នាក់ មុនទីផ្សារដោះដូរកីឡាករបិទទ្វារ
ស្របពេលដែលទីផ្សារដោះដូរកីឡាករ ត្រូវបិទទ្វារ នៅថ្ងៃទី ៩សីហានេះ ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសបើកទ្វារចំហ សម្រាប់ការដេញថ្លៃលក់កីឡាករ ៣នាក់ រួមមាន Danny Welbeck, David Ospina និង Mohamed Elneny។ អ្នកចាត់ការទូទៅក្លឹបកាំភ្លើងធំ លោក Unai Emery មានគម្រោងចង់តុបតែងក្រុមឡើងវិញ បន្ទាប់ពីទើបបានចុះកុងត្រាថ្មី នាំចូលកីឡាករចំណូលថ្មី ៥នាក់បន្ថែមទៀត។
ការពិតទៅ ខ្សែប្រយុទ្ធ Danny Welbeck នៅសល់កុងត្រាមួយឆ្នាំទៀត ប៉ុន្តែ Arsenal ព្រមលក់គាត់ចេញ ជាជាងប្រឈមមុខនឹងការទុកដល់រដូវក្តៅក្រោយ ហើយលក់ចេញអត់បានអ្វីទាំងអស់។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគបាល់ Premier League។
ចំណែកអ្នកចាំទី Ospina ក៏ត្រូវបានគ្រូបង្វឹកថ្មី ទម្លាក់ទៅដល់ជម្រើសទី ៣ បន្ទាប់ពីការមកដល់នៃកីឡាករ Bernd Leno ពី Bayern Leverkusen ហើយពេលនេះ Arsenal ក៏កំពុងមានទំនាក់ទំនងជាមួយក្លឹប Besiktas ដើម្បីយកអ្នកចាំទីថ្មីណាម្នាក់មួយទៀតផងដែរ។
រីឯ Elneny ដែលទើបចុះកុងត្រាថ្មី កាលពីខែមីនានោះ ក៏ត្រូវបានលោក Emery មើលឃើញថា គាត់អាចរកមនុស្សជំនួសបាន ដូចជា Lucas Torreira និង Matteo Guendouzi ដែលមានន័យថា Arsenal មានកីឡាករនៅតំបន់បម្រើការពារគ្រប់គ្រាន់ហើយ៕