អាហ្សង់ទីនធ្វើពិធីកាន់ទុក្ខ Maradona ៣ថ្ងៃ
ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានប្រកាសដាក់ប្រទេសក្នុងការកាន់ទុក្ខចំនួន៣ថ្ងៃសម្រាប់ការចែកឋានរបស់វីរបុរសបាល់ទាត់ Diego Maradona។
ព័ត៌មាននេះលេចចេញត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយដំណឹងមរណៈភាពរបស់លោក Maradona នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ដោយសារគាំងបេះដូង។
លោកប្រធានាធិបតី Alberto Fernandez ថ្លែងថា មរណៈភាពរបស់លោក Maradona មិនអាចត្រលប់វិញបានទេ ហើយមិនដឹងថា នឹងមានមនុស្សដូចលោកទៀតឬអត់ទេ។ ប្រទេសជាតិពិតជាជំពាក់គុណគាត់ខ្លាំងណាស់។
លោក Alberto ក៏បានផ្ដួចផ្ដើមឲ្យរៀបចំពិធីបុណ្យសពនៅកីឡដ្ឋានដែរ តែវាអាស្រ័យលើក្រុមគ្រួសារលោក Maradona ប៉ុណ្ណោះ។
តាមពិតទៅអតីតខ្សែប្រយុទ្ធក្លិប Napoli រូបនេះទើបចេញពីពេទ្យនៅដើមខែវិច្ឆិកា ក្រោយវះកាត់ឈាមកកក្នុងខួរក្បាល។
Diego Maradona បានក្លាយជាវីរបុរសអាហ្សង់ទីនក្រោយរួមចំណែកឈ្នះ FIFA World Cup 1986 ហើយលោកក៏ត្រូវបានហៅក្រៅថា បាតដៃព្រះ បន្ទាប់ពីប្រើដៃទះបាល់ទម្លាក់អង់គ្លេសនៅវគ្គ៨ក្រុមចុងក្រោយ៕