អតីតគ្រូ ម៉ាត់ នូរុណ “៖គេមានចំណុចពិសេសៗច្រើនដែលអាចជោគជ័យនៅក្រៅបរទេស”
ទេពកោសល្យបូករួមទាំងភាពអំណត់ និងអត្តចរិតល្អ គឺជាចំណុចពិសេសដែលអតីតគ្រូថ្នាលយុវជនភ្នំពេញក្រោន លោក ប៊ួយ ដារី គិតថា ម៉ាត់ នូរុណ អាចទទួលបានជោគជ័យ ប្រសិនបើចេញទៅប្រកបអាជីពនៅក្រៅប្រទេស។
លោក ប៊ួយ ដារី សង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ នូរុណ មានសមត្ថភាពលើសខ្សែប្រយុទ្ធបរទេសនៅកម្ពុជាទៅហើយ ដែលជាក់ស្ដែងនោះគេកំពុងរកបានគ្រាប់បាល់លើសអ្នកឯទៀត ហើយសូម្បីតែខ្សែការពារបរទេសក៏ពិបាកទប់ស្កាត់សមាជិកក្លិបបឹងកេតម្នាក់នេះដែរ។
អ្នកចាត់ការទូទៅក្លិបសៀមរាបយូណាយធីតបច្ចុប្បន្នពន្យល់បែបនេះ “៖នូរុណ ល្អខ្លាំងណាស់ គេមានទេពកោសល្យពីធម្មជាតិស្រាប់ មានល្បឿនលឿន, អំណត់ ហើយពិសេសអត្តចរិតល្អថែមទៀត មិនសូវចេះមាត់កទេ ចេះដាក់ខ្លួន។ ខ្ញុំគិតថា ប្រសិនបើគេចេញទៅប្រកបអាជីពនៅក្រៅប្រទេសដូចនៅថៃ ឬម៉ាឡេស៊ី អី នោះគេប្រាកដជាជោគជ័យមិនខាន។ បើនិយាយតែក្នុងស្រុកបច្ចុប្បន្ន គេល្អជាងកីឡាករបរទេសនៅកម្ពុជាទៅទៀត ដូចឃើញស្រាប់ហើយ ឥឡូវគេ Top Scorer ហើយសូម្បីតែខ្សែការពារបរទេសក៏នៅតែពិបាកចាប់គេ។ ខ្លះគេក៏ប្រៀបទៅនឹងចាន់ វឌ្ឍនាកា តែខ្ញុំគិតថា គេល្អជាងវឌ្ឍនាកាផង។”
លោក ប៊ួយ ដារី បន្ថែមថា នូរុណ ត្រូវការតែបង្កើនភាពរឹងមាំ និងកាយសម្បទាថែមទៀតប៉ុណ្ណោះពីលើទេពកោសល្យដែលមានស្រាប់។
គួររំឭកថា លោក ប៊ួយ ដារី បាននាំយកម៉ាត់ នូរុណ ពីថ្នាលក្រសួងការពារជាតិទៅភ្នំពេញក្រោន អំឡុងឆ្នាំ២០១២ ក្រោយចប់ការប្រកួត AFC U14 នៅប្រទេសម៉ាឡេស៊ី ដែលកាលណោះលោកក៏ជាគ្រូ U14 ជម្រើសជាតិដែរ។ កីឡាករវ័យ២២ឆ្នាំបានហ្វឹកហាត់នៅថ្នាលភ្នំពេញក្រោរហូតដល់ដើមឆ្នាំ២០១៥។
ម៉ាត់ នូរុណ បច្ចុប្បន្នរកបាន១៥គ្រាប់ ជា Top Scorer នៅក្របខណ្ឌកំពូលកម្ពុជា និងរួមចំណែកឲ្យបឹងកេតបន្តក្ដោបក្ដាប់កំពូលតារាង ឃ្លាត៤ពិន្ទុពីក្រុមលេខពីរព្រះខ័នរាជស្វាយរៀង៕
រូបភាព ៖ CNCC