ភ្នំពេញក្រោន វាយបកឈ្នះវិញ ខណៈ ព្រះខ័នរាជស្វាយរៀង ស្មើជាមួយ ណាហ្គាវើលដ៍
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វគ្គ ១/៤ ផ្តាច់ព្រ័ត្រ (៨ក្រុមចុងក្រោយ) ជើងទី១ ដោយក្រុម ណាហ្គាវើលដ៍ បានត្រឹមស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ២ ទល់ ២ នាកីឡដ្ឋានស្តាតចាស់ ចំណែកក្រុម ភ្នំពេញក្រោន វាយបក គិរីវង់សុខសែនជ័យ ២ ទល់ ១ កីឡដ្ឋាន Smart RSN។
ជំនួបនាទីលាន Smart RSN មានការប្រកួតប្រជែងខ្លាំង បន្ទាប់ពីក្រុមភ្ញៀវ បាននាំមុខមុននៅនាទីទី២២ ដែលធ្វើបានសម្រេចដោយកីឡាករ ជូ ហាវ ទើបធ្វើឱ្យម្ចាស់ផ្ទះខំប្រឹងសម្រុកយ៉ាងខ្លាំង ទើបអាចតាមស្មើនៅនាទី៧៩ ដោយការទាត់បាល់ ១១មែ៉ត្រ ពីសំណាក់ប្រធានក្រុម អ៊ន ចាន់ប៉ូលីន ហើយឈានដល់នាទី៨៥ រកបាន ១ គ្រាប់ បន្ថែម ពីកីឡាករ ម៉ៅ ពិសិដ្ឋ ដែលជាគ្រាប់ជ័យជម្នះ។ ចំណែកគ្រាប់បាល់ទាំងពីររបស់ម្ចាស់ផ្ទះ ណាហ្គាវើលដ៍ រកបានដោយកីឡាករ គួច សុកម្ភៈ នៅនាទី៤៣ និងខ្សែបម្រើ គួច ដានី នៅមួយនាទីបន្ទាប់ ស្របពេលដែល ២ គ្រាប់ របស់ក្រុមភ្ញៀវ រកបានដោយកីឡាករ នុប តុលា នៅនាទី៣៣ និងគ្រាប់តាមស្មើនៅនាទី៨៩ ពីខ្សែបម្រើប្រយុទ្ធ ហួយ ផល្លីន ។
សូមរំលឹកថា ស្អែកនេះ ក្រុម វិសាខា ត្រូវប៉ះ បឹងកេត នាទីលាន Cambodia airway វេលាម៉ោង ១៥:៣០ នាទីរសៀល ជើងទី១ ខណៈក្រុម កងយោធពលខេមរភូមិន្ទ ជាមួយ ខេត្តព្រៃវែង នៅសល់ប្រកួតជើងទី២ បន្ទាប់ពីក្រុមមកពីខេត្តបានបរាជ័យ ១ ទល់ ០ កាលជើងទី១ ៕