
K.Mbappe យកប្រាក់ពលកម្មពី World Cup ជាង ៥០ម៉ឺនដុល្លារ ទៅឧបត្ថម្ភដល់អង្គការសប្បុរសធម៌
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe បានប្រកាសថា នឹងផ្តល់ប្រាក់ដែលខ្លួនទទួលបានពីព្រឹត្តិការណ៍ World Cup ទាំងអស់ ទៅឲ្យអង្គការសប្បុរសធម៌មួយ ដែលមានគោលដៅរៀបចំព្រឹត្តិការណ៍កីឡានានាសម្រាប់កុមារពិការ។
គួរជម្រាបជូនថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 នៅរុស្ស៊ី កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទទួលបានចំណូលពីកម្លាំងពលកម្មរបស់ខ្លួន ប្រមាណជា 22 300ដុល្លារ ក្នុងមួយប្រកួត និងទឹកប្រាក់រង្វាន់លើកទឹកចិត្តសរុបទាំងអស់ 350, 000ដុល្លារ សម្រាប់ការចូលរួមជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិបារាំង លើកពានលើកទី ២១ ក្នុងព្រឹត្តិការណ៍ World Cup កាលពីថ្ងៃអាទិត្យកន្លងទៅ។ សូមបញ្ជាក់ដែរថា Mbappe បានបង្ហាញខ្លួនទាំង ៧ប្រកួតឲ្យបារាំង នៅ World Cup 2018 ហើយប្រាក់ចំនូលសរុបរបស់គេ មានជាង ៥០ម៉ឺនដុល្លារ។
តាមការចុះផ្សាយរបស់កាសែតបារាំង ខ្សែប្រយុទ្ធក្លឹប PSG រូបនេះ ចង់ផ្តល់ប្រាក់ទាំងនោះ ទៅឲ្យអង្គការ Premiers de Cordee ដែលជាអង្គការរៀបចំព្រឹត្តិការណ៍កីឡានានាសម្រាប់កុមារពិការ។ គេបានបញ្ជាក់ថា Mbappe គឺជាម្ចាស់ជំនួយម្នាក់សម្រាប់អង្គការមួយនេះ៕