PSG ចង់លក់ Neymar ឲ្យទៅជំនួសCR7 នៅReal ដើម្បីសន្សំលុយកាក់ប៉ូវ Kylian Mbappe
តាមសេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ ដែលត្រូវស្រង់យកមកផ្សាយដោយ The Sun ដែលជាប្រភពព័ត៌មានមួយ គួរឲ្យទុកចិត្តបាន បានចុះផ្សាយនៅថ្ងៃម្សិលមិញថា ក្លឹបយក្សនៅបារាំង Paris Saint-Germain ចង់លក់ Neymar ទៅឲ្យ Real Madrid ដើម្បីប្រមូលប្រាក់កាស ថែរក្សា Kylian Mbappe។
តាមប្រភពព័ត៌មានទាំងនោះ Real Madrid កំពុងតែមានទំនាក់ទំនងយ៉ាងមាំទាំ ដើម្បីនាំយកកីឡាករប្រេស៊ីលវ័យ ២៦ឆ្នាំ Neymar ទៅជំនួសតំណែង Cristiano Ronaldo ដែលបានផ្ទេរទៅកាន់ក្លឹបនៅអ៊ីតាលី Juventus បើទោះបីជាទើបតែនាំ Neymar មកពី Barcelona ក្នុងតំលៃខ្លួន ១៩៨លានអឺរូ កាលពីរដូវក្តៅឆ្នាំមុនក៏ដោយ។
យ៉ាងណាមិញ ក្រុមអធិរាជស រហ័សនាម Los Blanco កាលពីសប្តាហ៍មុន បានចេញមុខបដិសេធ ថាមិនដែលធ្វើការទាក់ទងទៅកាន់ Neymar នោះទេ ប៉ុន្តែបានបញ្ជាក់ថា ប្រធានក្លឹប Real Madrid ពិតជាចង់បាន Mbappe។
គួរជម្រាបជូនថា Mbappe វ័យ ១៩ឆ្នាំ គឺជាកីឡាករដ៏លេចធ្លោរបំផុតមួយ នៅព្រឹត្តិការណ៍ World Cup 2018 បន្ទាប់ពីជួយបារាំងឲ្យឈ្នះជើងឯក។ ហើយកីឡាករវ័យក្មេងម្នាក់នេះ ក៏កំពុងតែជាបេក្ខភាពប្រជែងយកពានរង្វាន់ Ballon d’Or ពី Cristiano Ronaldo និង Lionel Messi ផងដែរ។
តាមកាសែតអេស្ប៉ាញ ការសម្រេចចិត្តមិនចង់ទុក Neymar នេះ គឺធ្វើឡើងដោយគ្រូបង្វឹកថ្មីសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel។ លោក Tuchel បានអះអាងថា ទ្វារបើកចំហជានិច្ច សម្រាប់ការចាកចេញរបស់ Neymar ប្រសិនបើគេរកបានទ្រនំថ្មី ប៉ុន្តែទ្វារត្រូវតែបិទជានិច្ច សម្រាប់ការចង់ចាកចេញរបស់ Mbappe៕