Shearer ៖ ដល់ពេល Man UTD ត្រូវយក Henderson ជំនួស De Gea ហើយ
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស លោក Alan Shearer យល់ឃើញថា ដល់ពេលហើយដែល Manchester United ត្រូវគិតគូរយកអ្នកចាំទី Dean Henderson ពី Sheffield United ទៅជំនួស David De Gea នៅជម្រើសដំបូងវិញ។
De Gea កំពុងស្ថិតក្នុងស្ថានភាពដ៏ក្ដៅគគុកក្រោយបង្កើតកំហុសដល់ទៅពីរលើកពេលចាញ់ Chelsea ១ទល់នឹង៣ ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា។ អ្នកចាំទីអេស្ប៉ាញរូបនេះមិនអាចការពារបាល់នៅក្បែរខ្លួនពីការទាត់ដោយ Olivier Giroud និងបាល់ពីចម្ងាយរបស់ Mason Mount។
ការបង្ហាញសមត្ថភាពមិនសូវទៀងទាត់បែបនេះក៏កើតចំជួនការឡើងដៃរបស់អ្នកចាំទី Dean Henderson ដែល Man UTD បានឲ្យ Sheffield United ខ្ចី។ កីឡាករជនជាតិអង់គ្លេសកំពុងធ្វើជាដៃទីមួយនៅកីឡដ្ឋាន Bramall Lane និងរក្សាសំណាញ់ទី (Clean Sheet) បាន១៣ដងហើយនៅ Premier League រដូវកាលនេះ។ ក្នុងនោះ លោក Chris Wilder អ្នកចាត់ការ Sheffield United ចង់ខ្ចី Henderson ជាថ្មីនៅរដូវកាលក្រោយ។ យ៉ាងណា លោក Shearer គិតថា លោក Ole Gunnar Solskjaer គួរពិចារណាម្ដងហើយម្ដងទៀតមុនអនុញ្ញាតឲ្យ Henderson ទៅ។
អតីតខ្សែប្រយុទ្ធ Newcastle United រៀបរាប់បែបនេះ “៖ប្រសិនបើអ្នកចាំទីមានកំហុសម្ដងជាពីរដង អ្នកគិតថា អ្នកគួរតែបន្តជាមួយគេ។ តែវាក៏នៅតែកើតឡើង។ តើ Dean Henderson ទៅ Man UTD វិញក្នុងនាមជាដៃទីមួយ ឬទុកលេងនៅក្រុមផ្សេងដើម្បីបទពិសោធ? ខ្ញុំគិតថា វាដល់ពេលហើយ។”
បរាជ័យរបស់ Manchester United បានរុញ Chelsea ទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup ប៉ះ Arsenal នៅថ្ងៃទី០១ ខែសីហា៕