Man City ប្រជែង Man United ក្នុងការផ្ទេរយកខ្សែបម្រើ Jadon Sancho មកកាន់ទឹកដីអង់គ្លេសវិញ
ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍មកថា បានចូលខ្លួនមកប្រជែងជាមួយក្រុមបិសាចក្រហម Manchester United ក្នុងការផ្ទេរយកខ្សែបម្រើ Jadon Sancho មកកាន់ទឹកដីអង់គ្លេសវិញនារដូវកាលក្រោយ។
មួយរយៈចុងក្រោយនេះ ក្រុមលោក Ole Gunnar Solskjaer តែងតែមានព័ត៌មានជាប់លាប់យ៉ាងខ្លាំងក្នុងការផ្ទេរយកសមាជិករបស់ Borussia Dortmund ក្នុងតម្លៃកំណត់ត្រាពិភពលោកសារជាថ្មីម្តងទៀត រួមជាមួយនឹងអាវលេខ៧ផងដែរ។
យ៉ាងណាក្តី ក្រុមរបស់មហាសេដ្ឋីអារ៉ាប់ដែលគូប្រជែងរួមក្រុមនោះក៏បានចូលខ្លួនមកដណ្តើមកីឡាករសញ្ជាតិអង់គ្លេសរូបនេះផងដែរនៅរដូវក្តៅនេះ ដោយគ្រូបង្វឹក Pep Guardiola មានការសោកស្តាយយ៉ាងខ្លាំងដែលឱ្យរូបគេចាកចេញពីទឹកដី Etihad ទៅកាន់ទឹកដីអាល្លឺម៉ង់។
ដោយឡែកសារព័ត៌មាន Bild របស់អាល្លឺម៉ង់បានចុះផ្សាយថា Borussia Dortmund បានកំណត់តម្លៃខ្សែបម្រើ Jadon Sancho ខាងលើមិនក្រោម១០០លានផោនឡើយសម្រាប់ការចង់បានរបស់ក្រុមនានានៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។