អ៊ុក សុធី ៖ ត្រលប់មកហ្វឹកហាត់វិញ ២ ទៅ ៣ សប្តាហ៍តែ កម្លាំង និងស្មារតី មិនទាន់ដូចដើម
អ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលទាំងបីកម្រិត (យុវជនអាយុក្រោម១៤ឆ្នាំ អាយុក្រោម១៦ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ) អ៊ុក សុធី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួននៃការវិលត្រលប់មកហ្វឹកហាត់ឡើងវិញ និងគម្រោងជាបន្តបន្ទាប់សម្រាប់ក្រុមយុវជនក្រោមការគ្រប់គ្រងរបស់ខ្លួនថានៅទោះបីបានប្រមូលផ្តុំវិញ ២ ទៅ ៣ សប្តាហ៍ក៏ដោយប៉ុន្តែកម្លាំង និងស្មារតីនៅតែមិនទាន់ដូចដើមទេ។
អតីតកីឡាករភ្នំពេញក្រោនរូបនេះបាននិយាយថា៖ ពួកយើងបានហ្វឹកហាត់មកវិញពីរ បីសប្តាហ៍ហើយ បន្ទាប់ពីបញ្ហាកូវីដ១៩នេះ ។ ជុំវិញនៃការវិលត្រលប់របស់ក្រុមទាំងបីនេះគឺយើងនៅមានបញ្ហាមួយចំនួនទាក់ទងជាមួយកម្លាំង និងស្មារតីរបស់ពួកគាត់ បើទោះបីជាពេលសម្រាកគ្រូគាត់ដាក់លំហាត់មួយចំនួនឲ្យពួកគាត់ក៏ដោយ ដូច្នេះយើងត្រូវការពេលវេលាបន្តិចលើចំនុចនេះ។
ដោយសារតែយើងទើបតែប្រមូលផ្តុំ អញ្ចឹងការហ្វឹកហាត់របស់យើងក៏មិនសូវបង្ខំពួកគាត់ខ្លាំងនោះដែរ ខ្ញុំនឹងពិក្សាជាមួយគ្រួដើម្បីឲ្យផ្តោតទៅលើកម្លាំង ស្មារតី និងបច្ចេកទេសរបស់ពួកគាត់ឡើងវិញ ។ ការសម្រាកយូរធ្វើឲ្យគាត់បាត់បង់ចំនុចទាំងបីខាងលើ ដូច្នេះយើងត្រូវរៀបចំម្តងបន្តិចៗដើម្បីឲ្យចំនុចទាំងនោះត្រលប់មកវិញ ហើយនឹងរៀបចំការប្រកួតនានាសម្រាប់គាត់។
សូមរំលឹកផងដែរថា អ៊ុក សុធី បានសម្រាចចិត្តចូលនិវត្តន៍កាលពីរដូវកាល២០១៩ត្រូវបានបញ្ចប់ ហើយទទួលបានដំណែងជាអ្នកសម្របសម្រួលបច្ចេកទេសលើក្រុមយុវជនថ្នាលនាក្លិប ភ្នំពេញក្រោន ៕
ប្រភព៖ ភ្នំពេញក្រោន