ប្រធានក្រុមអង្គរថាយហ្គឺរ៖ គោលដៅយើងគឺលើកពានលីគ
ប្រធានក្រុមបាល់ទាត់អង្គរថាយហ្គឺរ ពៅ ភារិទ្ធ បានលើកឡើងពីគោលដៅរបស់ក្លិបរបស់ខ្លួនមុនការចាប់ផ្តើមលីគនារដូវកាល២០២០នេះ ថាកាលពីឆ្នាំមុនត្រឹមតែ Top-4 ប៉ុណ្ណោះ តែឆ្នាំនេះគឺជើងឯក នេះជាគោលដៅរួមទាំងកីឡាករទាំងអស់ នឹងថ្នាក់ដឹកនាំក្លិបផងដែរ។
ខ្សែបម្រើពូកែទាត់បាល់ពីចំងាយបានប្រាប់ក្រុមការងារ MSR ថា៖ តាមពិតទៅគោលដៅរបស់ក្លិបនារដូវកាល២០២០នេះ គឺគ្រងជើងឯកលីគតែម្តង។ ហើយនេះគឺជាគោលដៅរួមទាំងកីឡាករ នឹងប្រធានក្លិបក៏បានគិតដូចៗគ្នាអញ្ចឹងដែរ។ ប្រធានរូបនេះបានបន្ថែមថាកាលពីឆ្នាំ២០១៩កន្លងទៅគោលដៅរបស់ពួកយើងត្រឹម ៤ក្រុម នាកំពូលតារាងប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះយើងបានរៀបចំក្រុមល្អជាងមុន ទាំងកីឡាករបរទេសនឹងកីឡាករក្នុងស្រុកគឺបានត្រៀមរួចរាលជាស្រេចសម្រាប់លើកពានលីគកំពូលតែម្តង។ បើទោះបីជាមិនបានលើកពានក៏ពួកយើងប្រឹងប្រែងធ្វើឱ្យបានល្អបំផុតដែរអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរ កំពុងឈរនៅចំណាត់ថ្នាក់លេខ៤ គិតត្រឹម ៥ សប្តាហ៍នៃលីគកំពូលកម្ពុជារដូវកាល២០២០ មុនមានបញ្ហាជំងឺកូវីដ-១៩ ខណៈពេលនេះការប្រកួតទាំងអស់បន្តសម្រាកនៅមិនទាន់ដឹងអំពីការវិលត្រលប់មកវិញទេ រង់ចាំស្ថានភាពជំងឺថ្មីនេះធូស្បើយជាងនេះសិន៕