គ្រូយុវជនអាសុីអឺរ៉ុប យូណាយធីត ទទួលបានជំនួយបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍
លោក ផេង ចន្នា អ្នកចាត់ការទូទៅ តំណាងឯកឧត្តម ឌួង លាង ប្រធានក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បាននាំយកជំនួយដែលបានមកពីការចូលរួមរបស់ ឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ និងកីឡាករ ក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត ទាំងអស់ ជូនដល់លោកគ្រូបង្ហាត់យុវជន លោក កែវ ភិរុណ ដែលបានជួប គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។
លោក កែវ ភិរុណ ក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ និងកីឡាករក្លឹបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត និងជាពិសេស គោរពថ្លែងអំណរគុណ ឯកឧត្តមអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ថ្នាក់ដឹកនាំ មន្រ្តី សហព័ន្ធបាល់ទាត់កម្ពុជាដែលបានជួយចែករំលែកនូវការ លំបាកក្រោយពេលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍។ ក្នុងឱកាសនេះក្លិបនៃសកលវិទ្យាល័យនេះបានគោរពជូនពរ ឯកឧត្តម ថ្នាក់ដឹកនាំ មន្រ្តី លោកគ្រូ និងកីឡាករ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា លោក កែវ ភិរុណ គឺជាគ្រូបង្គោល U-18 អាស៊ីអឺរ៉ុប សម្រាប់ហ្វឹកហាត់ក្រុមយុវជននេះ ដើម្បីក៏សាងសមត្ថភាពក្មេងៗដែលបានមកធ្វើតេស្តជាប់ឱ្យខ្លាំងខ្លាត្រៀមចូលរួមការប្រកួតនានា នឹងកសាងធនធានទុកបន្តវេនពីក្រុមធំ ដែលសរុបមាន ២៥នាក់(U-18)៕