Ligue 1 គ្រោងប្រគល់ជើងឯកអោយក្រុម PSG
(BC-99)
ក្រុម Paris Saint-Germain ត្រូវបានគេរាយការណ៍ថានឹងត្រូវប្រគល់ពានរង្វាន់ Ligue 1 ទោះបីរដូវកាល ២០១៩/២០ ឈានដល់ទីបញ្ចប់មុនកាលកំណត់ក៏ដោយ។
វិស័យបាល់ទាត់នៅប្រទេសបារាំងបានឈានទៅដល់ការរំសាយចោលនូវការប្រកួតរដូវកាលនេះបន្ទាប់ពីការប្រកាសរបស់នាយករដ្ឋមន្រ្តី Edouard Philippe កាលពីដើមសប្តាហ៍នេះថា “ គ្រប់ការប្រកួតកីឡាធំៗមិនអាចប្រព្រឹត្តទៅបានទេនៅមុនខែកញ្ញាឆ្នាំ ២០២០ នេះ” ។
Les Parisiens មាន ១២ ពិន្ទុដាច់ពីលើក្រុមលេខ ២ Marseille ដូច្នេះទំនងជានឹងឈ្នះលីគប្រសិនបើរដូវកាលនេះនៅតែបន្តដូចធម្មតា។ ប៉ុន្តែអ្នកសារព័ត៌មាន L’Equipe លោក Domenighetti Joel បានអះអាងថាពួកគេនឹងក្លាយជាម្ចាស់ជើងឯកដោយផ្អែកលើការខុសពិន្ទុគ្នានៅក្នុងមួយប្រកួតៗ។
ប្រសិនបើដូច្នោះមែនក្រុម Marseille និង Rennes នឹងរក្សាសមាសភាពរបស់ពួកគេនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយខណៈដែល Lille និង Reims ក៏នឹងមានកៅអីលេងនៅក្របខណ្ឌ Europa League ។ ក្រុមដែលនឹងត្រូវកាត់ចេញពី Ligue 1 មាន Nimes, Amien និង Toulouse ខណៈដែល FC Lorient និង RC Lens នឹងត្រូវបានដំឡើងពីក្របខណ្ឌទី ២មកវិញ ។
នេះគឺជាការដើរបញ្ច្រាស់ពីក្របខណ្ឌ Eredivisie របស់ ហុល្លង់ ដែលបានប្រកាសថាការប្រកួតប្រជែងនៅរដូវកាល ២០១៩/២០ ត្រូវទុកជាមោឃៈមានន័យថានឹងគ្មានម្ចាស់ជើងឯកនិងគ្មានការកាត់ចោលឡើយ។
ប៉ុន្តែវាអាស្រ័យយ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តរបស់ UEFA ផងដែរ ថាតើគេត្រូវផ្អែកលើគុណសម្បត្តិអ្វីខ្លះទើបអាចធ្វើបែបនេះបាន។ ហើយប្រសិនបើនៅ បារាំង គេអាចធ្វើទៅបានមែន វាក៏អាចជាការជម្រុញដ៏ធំមួយសម្រាប់ Premier League ដែលត្រូវគិតគូចំពោះក្រុម Liverpool ដែលលើសដាច់ ២៥ ពិន្ទុពីក្រុមលេខ១លើតារាងដែលកំពុងតែជាប់គាំងក្នុងពេលបច្ចុប្បន្ននេះដែរ។