Premier League នឹងសម្រេចពីអនាគតខ្លួននៅថ្ងៃសុក្រនេះ ខណៈបារាំងនិងហូឡង់ប្រកាសរំសាយ
គិតមកទល់ពេលនេះ ព្រឹត្តិការណ៍បាល់ទាត់ជុំវិញពិភពលោកត្រូវបានផ្អាកក៏ដូចជាពន្យាការប្រកួតរបស់ខ្លួន ដោយសារតែការរីករាលដាលនៃវីរុសកូវីដ១៩ (COVID19)។
ជាក់ស្តែង ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប EURO 2020 ក៏ត្រូវបានពន្យាពេលប្រកួតចំនួន១២ខែផងដែរដោយនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២១វិញ ដោយសារតែបញ្ហាវីរុសខាងលើនេះបានវាយលុយតាមបណ្តាទ្វីបអឺរ៉ុប។ ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុបក៏បានផ្អាកការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ជាបណ្តោះអាសន្នសិនដែរ ស្របពេលដែលការប្រកួតមួយចំនួនត្រូវបានផ្អាក។
ដោយឡែក សម្រាប់ក្របខ័ណ្ឌបាល់ទាត់កំពូលជាច្រើននៅអឺរ៉ុបដូចជា Premier League, Serie A, La Liga, Ligue1 និង Bundesliga ក៏កំពុងស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិលផងដែរ ស្របពេលដែលបច្ចុប្បន្ននេះត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ខែឧសភាខាងមុខដោយរងចាំការសម្រេចជាបន្តទៀត។
យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្របខ័ណ្ឌបាល់ទាត់កំពូលបារាំង Ligue 1 រដូវកាលនេះត្រូវបានប្រកាសថាឆាចោល ក្រោយពេលនាយករដ្ឋមន្រី្តបារាំង Édouard Philippe បានប្រកាសបិទកម្មវិធីកីឡាបាល់ទាត់គ្រប់កម្រិតទូទាំងប្រទេសរហូតដល់ខែកញ្ញាតែម្តង។ រីឯក្របខ័ណ្ឌកំពូលហូឡង់ Eredivisie រដូវកាលនេះបានប្រកាសរំសាយចោល ខណៈមិនមានក្រុមជើងឯក និងមិនមានក្រុមធ្លាក់ឡើយ។
សម្រាប់ក្របខ័ណ្ឌ Serie A វិញ កីឡាករទាំងអស់ត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមហ្វឹកហាត់តែឯងនៅថ្ងៃទី៤ ខែឧសភាខាងមុខនេះបាន ខណៈការហ្វឹកហាត់ជាក្រុមនឹងធ្វើឡើងនៅថ្ងៃទី១៨ខែឧសភា ក្រោយបញ្ហារាតត្បាតវីរ៉ុសកូរ៉ូណានៅអ៉ីតាលីបានថយចុះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឱ្យចាប់ផ្តើមការប្រកួតវិញនៅថ្ងៃណានៅឡើយទេ។
ក្របខ័ណ្ឌ Bundesliga ក៏បានអនុញ្ញាតឱ្យក្រុមបាល់ទាត់ធ្វើការហ្វឹកហាត់ជាក្រុមវិញផងដែរប៉ុន្តែលក្ខណៈបិទទ្វារទីលានហ្វឹកហាត់ ដោយរងចាំការសម្រេចចិត្តពីសំណាក់រដ្ឋាភិបាលក្នុងការបើកភ្លើងខៀវឱ្យមានការប្រកួតឡើងវិញផងដែរដោយបិទទ្វារមិនឱ្យមានអ្នកគាំទ្រចូលរួមទស្សនា។
ងាកមកកាន់ក្របខ័ណ្ឌ Premier League និង La Liga វិញ សញ្ញានៃការត្រឡប់មកវិញក៏មិនទាន់ដឹងដូចគ្នា ប៉ុន្តែនៅអង់គ្លេសឥឡូវនេះក្រុមបាល់ទាត់មួយចំនួនបានចាប់ផ្តើមធ្វើការជួបជុំគ្នាដើម្បីហ្វឹកហាត់ជាបណ្តើរៗហើយ ដោយការសម្រេចថាលីគនៅត្រឡប់មកវិញនៅថ្ងៃណាមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរងចាំការសម្រេចពីប្រមុខរដ្ឋាភិបាលដូចគ្នានៅថ្ងៃសុក្រនេះ។