មកយល់ដឹងខ្លះៗអំពីក្រុមបាល់ទាត់ទាំង៣ដែលបានឡើងមកលេងនៅក្រុមខណ័្ឌកំពូលរបស់អេស្ប៉ាញ La Liga
ក្របខណ័្ឌបាល់ទាត់របស់ប្រទេសអេស្ប៉ាញបានត្រៀមខ្លួនបើកយុទ្ធនាការប្រកួតប្រជែងរដូវកាលថ្មី ២០១៨-២០១៩ នៅអំឡុងខែសីហាខាងមុខនេះហើយ។ ក្រុមចំនួន៣ដែលបានធ្លាក់ចេញពី La Liga កាលពីរដូវកាលមុនមាន Malaga, Las Palmas និង Deportivo La Coruña។ ដូចនៅក្របខ័ណ្ឌ Premier League ប្រទេសអង់គ្លេសដែរ La Liga និងទទួលសមាជិកថ្មីចំនួន៣មកជំនួសក្រុមដែលបានជ្រុះចេញទៅកាន់ក្របខណ័្ឌ Segunda División។ ក្រុមថ្មីទាំង៣របស់ La Liga នៅរដូវកាលនេះមាន Rayo Vallecano, Huesca និង Real Valladolid ឆ្លៀតឱកាសនេះយើងសូមលើកយកប្រវត្តិខ្លះៗរបស់ក្រុមទាំងនេះមកជម្រាបជូនប្រិយ៍មិត្តរបស់ MSR ដូចតទៅ!
១- Real Valladolid
ក្រោយពីជាប់ចំណាត់ថ្នាក់លេខ៥នៅក្របខណ្ឌ័ Segunda División កាលពីរដូវកាលមុនក្រុមដែលមានរហ័សនាមថា ពណ៌សលាយស្វាយមួយនេះក៏បានប្រកួតឈ្នះនៅវគ្គ Play Off ជាបន្តបន្ទាប់ទៅលើក្រុម Sporting Gijón និង Numancia។
Real Valladolid មានកំណើតកើតជានៅឆ្នាំ១៩២៨ បើគិតមកដល់ពេលនេះក្រុមបាល់ទាត់ Real Valladolid មានអាយុ៩០ឆ្នាំគត់។ ក្រុមនេះបានធ្លាក់ចេញពីក្រុមខ័ណ្ឌកំពូល La Liga កាលពីរដូវកាល២០១៣-២០១៤ គឺអស់រយៈពេល៤ឆ្នាំទើបគេអាចបង្ហាញមុខនៅទីនេះសារជាថ្មី។
ក្នុងការប្រើប្រាស់ទីលាន José Zorrila ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ២៦៥១២នាក់ ក្រុមបាល់ទាត់ Real Valladolid បានប្រសព្វនិងជោគជ័យគួរសមដូចជា ឈ្នះពានជើងឯក Segunda ៣លើកផងដែរ។
២- Huesca
ចាប់តាំងតែពីបង្កើតជាក្រុមបាល់ទាត់អាជីពនៅឆ្នាំ១៩៦០មក នេះគឺជាលើកទីមួយហើយដែលក្រុមនេះបានឡើងមកលេងនៅក្របខណ័្ឌកំពូលតាមរយៈទទួលបានចំណាត់ថ្នាក់លេខ២នៅ Segunda División កាលពីរដូវកាលមុនដោយរកបាន៧៥ពិន្ទុ(ចាញ់ក្រុមលេខ១តែ១ពិន្ទុ)ចេញពីការប្រកួត៤២លើក ឈ្នះ២១ ស្មើ១២ ចាញ់៩។
Huesca អាចរាប់បានថាជាក្រុមដ៏តូចមួយនៅអេស្ប៉ាញ ពិព្រោះទីលាន El Alcoraz របស់ពួកគេមានទំហំដែលអាចផ្ទុកអ្នកទស្សនាបានត្រឹមតែ៧៥០០កៅអីតែប៉ុណ្ណោះ។
ដឹកនាំដោយលោក Leo Franco នាពេលបច្ចុប្បន្ន ក្រុមដែលមានឯកសណ្ឋានស្រដៀងក្រុម Barcelona មួយនេះក៏ពុំដែលឈ្នះពានរង្វាន់អ្វីធំដុំពីអតីតកាលមកទេ។ តើរដូវកាលនេះ Huesca អាចថែរក្សាខ្លួននៅ La Liga បានដល់រដូវកាលក្រោយដែរឬទេ?
៣- Rayo Vallecano
គឺជាក្រុមបាល់ទាត់ដែលល្បីឈ្មោះមួយដែរនៅក្នុងប្រទេសអេស្ប៉ាញ។ ក្រុមមួយនេះបានបង្កើតឡើងនៅឆ្នាំ១៩២៤ និងមានរហ័សនាមថា ទ័ពឆៀងក្រហម។ ក្រោយពីបានឈ្នះជាជើងឯក Segunda División សាជាថ្មីនៅរដូវកាលមុន Rayo Vallecano ក៏បានមកចូលរួមក្របខ័ណ្ឌកំពូល La Liga ជាលើកទី១៨។ រដូវកាល២០១៥-២០១៦គឺជាលើកចុងក្រោយដែលពួកគេបានចាកចេញពី La Liga។ Rayo Vallecano មានទីលានផ្ទាល់ខ្លួនដែលមានឈ្មោះថា Campo de Fútbol de Vallecas និងមានទំហំដែលអាចផ្ទុកអ្នកទស្សនាបានចំនួន១៤៧០៨កៅអី។
សូមរង់ចាំតាមដានក្រុមចំនួន៣ផ្សេងទៀតដែលបានឡើងមកលេងនៅក្របខណ័្ឌកំពូលរបស់អ៊ីតាលី Serie A នៅថ្ងៃស្អែក។