គ្រាន់តែជំនួប Sevilla និង Salzburg មានបាល់ពិន័យ១១ម៉ែត្រដល់ទៅ៤
ជំនួបរវាង Sevilla និង RB Salzburg ប្រចាំពូល G ត្រូវបានកត់ត្រាចូលប្រវត្តិសាស្ត្រ UEFA Champions League នៅពេលអាជ្ញាកណ្ដាលចង្អុលផ្ដល់បាល់១១ម៉ែត្រដល់ទៅ៤ដង គិតត្រឹម៤២នាទីដំបូងនៃវគ្គទី១។
ជាក់ស្ដែងក្នុងនាទី១៣ ភាគីខាងក្រុមមកពីអូទ្រីសទទួលបានបាល់១១ម៉ែត្រ ប៉ុន្តែកីឡាករ Karim Adeyemi ទាត់ចេញក្រៅ។
ដល់នាទី២១ Salzburg បាន១១ម៉ែត្រម្ដងទៀត ហើយលើកនេះ Luka Sucic ទាត់ចូលបានសម្រេច បន្ទាប់ពីអ្នកចាំទី Sevilla លោតខុស។
នាទី៣៧ ក្រុមជើងឯកលីគកំពូលអូទ្រីស បានបាល់១១ម៉ែត្រជាលើកទី៣ តែ Sucic ទាត់មិនចូលដូចមុនទេ។
ដល់នាទី៤២ ដល់វេន Sevilla បានបាល់១១ម៉ែត្រវិញម្ដង ហើយ Ivan Rakitic ទាត់បញ្ចូលទីតាមស្មើ។ ចប់ការប្រកួតក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដែលរកបានដោយបាល់១១ម៉ែត្រដូចគ្នា។
ការប្រកួតនេះក៏តានតឹងដោយសារតែមានកាតលឿងសរុប១១សន្លឹក ហើយក្នុងនោះ Thomas Delany របស់ Sevilla បានកាតលឿង២ដង ស្មើនឹងកាតក្រហមត្រូវចាកចេញពីទីលាន៕