អតីតគ្រូ Chelsea ម្នាក់ឆ្លើយបែបនេះក្រោយឮដំណឹងថា ទៅជួយ Lampard
កាលដើមសប្ដាហ៍កន្លងទៅ មានដំណឹងថា Chelsea មានបំណងនាំយកអតីតអ្នកចាត់ការ Avram Grant ទៅកីឡដ្ឋាន Stamford Bridge សាជាថ្មីដើម្បីជួយជ្រោមលោក Frank Lampard ដែលជាអ្នកចាត់ការបច្ចុប្បន្ន និងកំពុងទទួលបានលទ្ធផលមិនគាប់ប្រសើរ។
ក្រុមតោខៀវបានបរាជ័យដល់ទៅ៤ដងក្នុងចំណោម៦ប្រកួតនៅ Premier League និងតាមពីក្រោយក្រុមកំពូលតារាង១០ពិន្ទុ។
ផ្ទុយទៅវិញ លោក Avram Grant ដែលធ្លាប់ដឹកនាំ Chelsea ក្នុងនាមអ្នកចាត់ការបណ្ដោះអាសន្ននៅរដូវកាល២០០៧/២០០៨ អះអាងថា ពុំមានការទាក់ទងមករូបលោកឡើយ។
“ខ្ញុំបានអានព័ត៌មានមួយចំនួនពីរឿងហ្នឹងដែរ។ ខ្ញុំទទួលបានសារវិជ្ជមានពីអ្នកគាំទ្រ Chelsea។ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានការទាក់ទងជាផ្លូវការទេ។ អ្វីដែលខ្ញុំអាចនិយាយបាននាពេលនេះ សូមឲ្យ Chelsea រឹងមាំ និងស្វែងរកដំណោះស្រាយ។”
គួរដឹងដែរថា លោក Grant ត្រូវបាន Chelsea តែងតាំងជំនួសលោក Jose Mourinho ក្នុងខែកញ្ញា ឆ្នាំ២០០៧ និងនាំក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup និង UEFA Champions League ដែលសុទ្ធតែទទួលបានត្រឹមលេខ២៕