កីឡាករ Man UTD ជួបការលំបាកពេលលេងទីលានស្មៅសិប្បនិម្មិតរបស់ Young Boys
កីឡាករក្រុម Manchester United លេងមិនសូវបានល្អទេនៅទីលានស្មៅសិប្បនិម្មិតនៃកីឡដ្ឋាន Stadion Wankdorf របស់ Young Boys ក្នុងការប្រកួតដំបូងប្រចាំពូល F នៃពានរង្វាន់ UEFA Champions League។
ជាក់ស្ដែងដូច Cristiano Ronaldo ជាដើមបានរអិលដួលលើទីលាន។ គេត្រូវបានប្ដូរចេញក្នុងនាទី៧២ ដោយសារលោក Ole Gunnar Solskjaer បារម្ភក្រែងមានរបួស។
ចំណែក Bruno Fernandes វិញក៏ពិបាករត់ ខណៈ Paul Pogba ដែលធ្លាប់លេងលើតារាងនេះកាលរដូវកាល២០១៨/២០១៩ ក៏មានបញ្ហាដូចគ្នា មិនអាចធ្វើបានល្អដូចក្នុងក្របខណ្ឌ Premier League។ ម្យ៉ាង ក្រុមបិសាចក្រហមកម្រលេងលើទីលានបែបនេះ។
Aaron Wan Bissaka ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមក្នុងនាទី៣៥ បន្ទាប់ពីជែងបាល់ប្រកបដោយគ្រោះថ្នាក់លើកីឡាករបស់ Young Boys។
ជាលទ្ធផល Man UTD ចាញ់ Young Boys ១ទល់នឹង២។ Cristiano Ronaldo បានទាត់បញ្ចូលទីក្នុងនាទី១៣ ពីការបញ្ជូនដោយ Bruno Fernandes។ នាទី៦៦ ក្រុមម្ចាស់ផ្ទះស្វីសតាមស្មើវិញដោយ Nicolas Ngamaleu។ ដល់នាទី៩០+៥ Jesse Lingaard បញ្ជូនបកក្រោយឲ្យ David de Gea ប៉ុន្តែភ្លាត់ស្នៀតត្រូវបាន Theoson Jordan Siebatcheu ដណ្ដើមបាន ហើយក៏ទាត់បញ្ចូលទីជ័យជម្នះតែម្ដង៕