ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលថា Carlo នឹងធ្វើគ្រូបង្គោលថ្មីជម្រើសជាតិខ្លួន
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល លោក Ednaldo Rodrigues បាននិយាយថា គ្រូបង្គោល Real Madrid លោក Carlo Ancelotti នឹងមកដឹកនាំជម្រើសជាតិប្រេស៊ីលនៅរដូវក្តៅក្រោយ។
ម្ចាស់ជើងឯក World Cup ៥សម័យមានទំនុកចិត្តថា គ្រូបង្វឹកជនជាតិអ៊ីតាលីនឹងដឹកនាំក្រុមលេងពាន Copa America នៅខែមិថុនា ឆ្នាំ ២០២៤។
Rodrigues បាននិយាយថា លោក Fernando Diniz នឹងមើលការខុសត្រូវក្រុមរហូតដល់ពេលលោក Ancelotti ចូលកាន់ការងារ។
ប្រេស៊ីលបានគ្មានគ្រូបង្គោលផ្លូវការចាប់តាំងពីការប្រកួត World Cup នៅពេលដែលលោក Tite បានលាលែងពីតំណែងបន្ទាប់ពីការបរាជ័យក្នុងវគ្គ ៨ក្រុមចុងក្រោយ ដោយចាញ់ក្រូអាត។
Ancelotti ដែលកុងត្រានឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ នឹងក្លាយជាគ្រូបង្គោលបរទេសដំបូងគេដែលដឹកនាំប្រេស៊ីលតាំងពីឆ្នាំ ១៩៦៥៕