សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ ប្រកាសផ្អាកការប្រកួតមួយចំនួននៅឆ្នាំនេះដោយសារវីរុសកូរ៉ូណា
យោងតាមការប្រកាសកាលពីម្សិលមិញ សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានសម្រេចផ្អាកព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយចំនួននៅក្នុងឆ្នាំនេះដោយសារតែវីរុសកូវីដ១៩កំពុងរីករាលដាលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ ខណៈព្រឹត្តិការណ៍ប្រកួតបាល់ទាត់ផ្សេងៗទៀតនៅបន្តដំណើរការដូចធម្មតាដដែល។
ចំពោះព្រឹត្តិការណ៍ចំនួន៤នឹងត្រូវបានពន្យារពេលទៅកាលបរិច្ឆេទក្រោយៗមានដូចជា ព្រឹត្តិការណ៍បាល់ទាត់នារីអាស៊ីអាគ្នេយ៍ (AFF Women’s Championship), ពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៨ឆ្នាំ (AFF U18 Women’s Championship), ពានយុវជនអាយុក្រោម ១៦ឆ្នាំ (AFF U16 Boys Championship) និងពានយុវជនអាយុក្រោម ១៩ឆ្នាំ (AFF U19 Boys Championship)។
ចំណែកឯព្រឹត្តិការណ៍ចំនួន៤ផ្សេងទៀតដែលត្រូវបន្តប្រព្រឹត្តទៅតាមការគ្រោងទុក គឺរួមមានការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៥ឆ្នាំ (AFF U15 Girls ’Championship) នៅឥណ្ឌូនេស៊ី, ព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល, ក្លឹបបាល់ទាត់ក្នុងសាល និងបាល់ទាត់លើឆ្នេរខ្សាច់ (AFF Futsal Championship, AFF Futsal Club Championship, AFF Beach Football Championship) ដែលធ្វើនៅប្រទេសថៃ នាចុងឆ្នាំនេះ។
ពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship) នឹងរក្សានៅដដែល ដែលតាមការគ្រោងទុកគឺចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំនេះ។
គួរឱ្យដឹងថា ដោយសារបញ្ហាវីរុសកូរ៉ូណា បានធ្វើឱ្យបាល់ទាត់ស្ទើរជុំវិញពិភពលោកបានសម្រេចផ្អាកការប្រកួត ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ។ង