លោក Conor Nestor ថានឹងកែប្រែប្រព័ន្ធលេងល្ងាចនេះ ខណៈសំបុត្រចាប់ផ្តើមដាក់លក់ហើយ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវទទួលស្វាគមន៍ភ្ញៀវ Bali United របស់ឥណ្ឌូនេសុី សម្រាប់ជំនួបលើកទីពីរ ក្នុងពានរង្វាន់ AFC Cup 2020 ពូល G នៅវេលាម៉ោង ៦ ល្ងាចនេះ នាពហុកីឡដ្ឋានជាតិ ស្របពេលដែលសំបុត្រចូលទស្សនាចាប់ផ្តើមដាក់លក់។
លោក Conor Nestor គ្រូបង្គោលដែលជួយ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគ បានលើកឡើងថា នឹងត្រៀមខ្លួនឲ្យបានល្អជាងកាលប្រកួតជាមួយ Ceres Negros នៅថ្ងៃបើកឆាក ដែលប្រព័ន្ធលេងមើលឃើញថា ធ្វើមិនសូវបានល្អទៅតាមផែនការ។ គ្រូសញ្ជាតិអៀរឡង់ បានសង្ឃឹមយ៉ាងមុតមាំ ក្នុងស្វែងរក ៣ពិន្ទុជាលើកដំបូង ក្នុងការប្រកួតល្ងាចនេះ ហើយសង្ឃឹមថានឹងទទួលបានអ្នកគាំទ្រច្រើននៅពហុកីឡដ្ឋានជាតិដើម្បីជាកម្លាំងដល់កូនក្រុម។
ចំពោះសំបុត្រចូលរួមទស្សនាការប្រកួតពានរង្វាន់ AFC CUP ពូល G នេះបានចាប់ផ្ដើមដាក់លក់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោងនេះតទៅហើយ ដោយបងប្អូនអាចរកទិញបានគឺតម្លៃត្រឹមតែ ១០០០០ រៀលប៉ុណ្ណោះ។
គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង ធ្លាប់បានទទួលរងបរាជ័យក្នុងជំនួបនើកឆាកជាមួយ Ceres Negros ជាលទ្ធផល ៤ទល់០ នៅហ្វីលីពីន ខណៈ Bali ឈ្នះក្រុមជើងឯកវៀតណាម Than Quang Ninh ដោយលទ្ធផល ៤ទល់នឹង១៕