សៀមរាបយូណាយធីតតែងតាំងឯកឧត្តម ទៀ សុខា ជាប្រធានកិត្តិយសក្នុងក្ដីរំពឹងកាន់តែធំ
ឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានផ្តល់ជាកិត្តិយសជា ប្រធានកិត្តិយសរបស់ក្លិបសៀមរាបយូណាយធីត ចាប់ពីពេលនេះតទៅ។
ការចូលរួមរបស់ ឯកឧត្ដម ឧត្ដមនាវីឯក ទៀ សុខា ត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបចាត់ទុកជាការរួមចំណែកមួយផ្នែកធំនៅក្នុងការអភិវឌ្ឍយុវជនថ្នាលនៅក្នុងខេត្តសៀមរាប ក្នុងន័យលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា។
លោក ប៊ួយ ដារី អគ្គលេខាធិការសៀមរាបយូណាយធីត ប្រាប់ថា ការសម្រេចចិត្តចូលរួមនេះមកពីឯកឧត្តមមើលឃើញថា ក្លិបមានទស្សនៈវិស័យច្បាស់លាស់ និងមានផែនការអភិវឌ្ឍយុវជន ទោះមិនទាន់ចូលរួមក្នុងលីគទី២ ឬលីគកំពូល។ ដូច្នេះឯកឧត្តមរំពឹងថា សៀមរាបយូណាយធីតនឹងជះឥទ្ធិពលល្អដល់បាល់ទាត់កម្ពុជានាពេលអនាគត។
លោក ប៊ួយ ដារី រំពឹងថា វត្តមានរបស់ឯកឧត្តម ទៀ សុខា នឹងជួយជ្រោមជ្រែងបានច្រើនដល់ក្លិប ទាំងអនុសាសន៍ល្អៗ និងការស្វែងរកអ្នកជួយទ្រទ្រង់ក្លិបកាន់តែច្រើន៕