AT Madrid លក់សំបុត្របានត្រឹម៥០សន្លឹកប៉ុណ្ណោះក្នុងជំនួបជាមួយ Barcelona ក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត
ការប្រកួតបាល់ទាត់ពានរង្វាន់ Supercopa de Espana ឬក៏ Spanish Super Cup នឹងប្រព្រឹត្តធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ខាងមុខនេះហើយ។
យ៉ាងណាក្តីគិតត្រឹមម្សិលមិញ Atletico Madrid ត្រូវបានសារព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍មកថា លក់សំបុត្របានត្រឹម៥០សន្លឹកតែប៉ុណ្ណោះសម្រាប់ជំនួប Supercopa de Espana ទល់នឹង FC Barcelona ដោយសារតែមូលហេតុការប្រកួតប្រព្រឹត្តទៅឆ្ងាយពេកសម្រាប់អ្នកគាំទ្រហើយការរៀបចំនេះមិនសូវជាមានការចាប់អារម្មណ៍ប៉ុន្មានឡើយ។
ព្រឹត្តិការណ៍នេះនឹងមានចំនួន៤ក្រុមចូលរួម គឺ FC Barcelona, Real Madrid, Atletico Madrid និង Valencia នឹងរៀបចំនៅកីឡដ្ឋាន King Abdullah Sports City នាក្រុងជីដា ដែលអាចផ្ទុកទស្សនិកជនបាន៦២០០០នាក់។
គួរឲ្យដឹងថា សហព័ន្ធបាល់ទាត់អេស្ប៉ាញត្រូវបានប៉ាន់ប្រមាណថាអាចរកចំណូលបានពីចន្លោះ២៩លានទៅ៣៤លានផោនក្នុងមួយឆ្នាំពីកិច្ចសន្យាចំនួន៣ឆ្នាំលើការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ខណៈប្រធានក្របខ័ណ្ឌ La Liga ហាក់មិនគាំទ្រចំពោះគំនិតនេះប៉ុន្មានឡើយ។