
AFF Cup 2020 ធ្វើឡើងពីខែមេសាដល់ឧសភា ២០២១ លើរូបមន្ដដដែល
សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍នឹងរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ AFF Cup ចាប់ពីថ្ងៃទី ១១ ខែមេសាដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១ ។
តាមពិតទៅកាលបរិច្ឆេទដើម គឺនៅខែវិច្ឆិកាឆ្នាំ ២០២០ ដែលជាកាលវិភាគដើមនោះទេប៉ុន្តែបានវិលត្រឡប់ទៅខែមេសាឆ្នាំ ២០២១ ខណៈឈ្មោះនៅរក្សាដដែល គឺ AFF Cup 2020។ សម្រាប់រូបមន្តប្រកួតក៏នៅដដែលដូចគ្នា គឺក្រុមនីមួយៗនឹងមាន ២ ប្រកួតក្រៅដី និង ២ប្រកួតក្នុងផ្ទះសម្រាប់វគ្គចែកពូល។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៅតែលក្ខណៈក្នុង និងក្រៅដី ពោលគឺពីរជើង។ ប្រទេសដែលចូលរួមក៏ត្រូវធានានូវលក្ខខណ្ឌវេជ្ជសាស្រ្តដើម្បីការពារការរីករាលដាលកូវីដ១៩។
គណៈកម្មាធិការ AFF បានធ្វើយ៉ាងណាកុំឲ្យកាលវិភាគប្រកួតជាន់គ្នាជាមួយក្របខណ្ឌក្នុងស្រុក និងពិនិត្យពីស្ថានភាពជំងឺដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម និងអ្នកទស្សនា។
ឯកឧត្តម ខៀវ សាម៉េត ប្រធាន AFF បានមានប្រសាសន៍ថា “៖យើងពិតជារំភើបខ្លាំងណាស់ចំពោះការគាំទ្រជាវិជ្ជមានពីសមាជិករបស់ AFF ។ យើងបានរកឃើញវិធីល្អបំផុតដើម្បីរៀបចំការប្រកួតនៅឆ្នាំ ២០២១។ AFF ដឹងថា ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមិនទាន់ចប់នៅឡើយទេ។”
ថ្នាក់ដឹកនាំ AFF បន្ថែមថា “៖AFF សង្ឃឹមថាពេលវេលានៃព្រឹត្តិការណ៍ដែលបានប្រកាសនេះនឹងជួយដៃគូពាណិជ្ជកម្មមានលទ្ធភាពក្នុងការសហការឆ្ពោះទៅកាន់ការប្រកួតនាពេលឆាប់ៗនេះ។ យើងមានសុទិដ្ឋិនិយមថា ការប្រកួតនឹងប្រព្រឹត្តទៅតាមត្រឹមត្រូវ និងនាំមកនូវបទពិសោធល្អបំផុតសម្រាប់អ្នកគាំទ្រ។”
ក្រៅពីពានរង្វាន់ AFF Cup ការប្រកួតជាច្រើនទៀតនៅអាស៊ី និងពិភពលោកក៏នឹងត្រូវផ្លាស់ទៅឆ្នាំ ២០២១ដែរ។ ការចាប់គូនឹងត្រូវបានប្រកាសនាពេលឆាប់ៗ៕