Mesut Ozil បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពី Arsenal អោយបានមុនការសម្រេចចិត្តរបស់លោក Unai Emery
(BC-99)
Mesut Ozil បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីក្លិបកាំភ្លើងធំ Arsenal បើទោះជាលោក Unai Emery
ដែលជាអ្នកចាត់ការទូទៅបានព្យាយាមនិយាយបង្វែងដានមិនច្បាស់លាស់ទាក់ទងទៅនឹងអនាគតរបស់គេក៏ដោយ។
កីឡាករដែលបានជួយអោយជម្រើសជាតិអាឡឺម៉ង់ឈ្នះពានរង្វាន់ពិភពលោកបានបង្ហាញខ្លួនតែមួយលើកគត់នៅរដូវកាលនេះក្នុងលទ្ធផលស្មើ ២-២ ទល់នឹង Watford ហើយមិនបានបង្ហាញខ្លួនលើទីលានទៀតទេសម្រាប់ការប្រកួត៥លើកចុងក្រោយរបស់ Arsenal ។ វាត្រូវបានគេលើកឡើងថាលោក Emery មិនបានចាប់អារម្មណ៍លើសមត្ថភាព Ozil នោះទេបើទោះជាអតីតកាលគេគឺជាកីឡាករលំដាប់ពិភពលោកក៏ដោយ តែអ្វីដែលគេកាន់តែមានការងឿងឆ្ងល់នោះគឺបុរសសញ្ជាតិអេស្ប៉ាញរូបនេះនៅតែជ្រើសរើសវិធីមិនពន្យល់ពីការសម្រេចចិត្តរបស់គាត់អោយបានដាច់ណាត់ចំពោះ Ozil។
ដោយសារតែភាពមិនប្រាកដប្រជាបែបនេះហើយទើប Mesut Ozil ដែលតែងតែជួបរឿងអាក្រក់រាប់ទាំងការរើសអើងពីប្រិយ៍មិត្តបាល់ទាត់អាឡឺម៉ង់និងការប្រទះនិងរឿងចោរកម្មជាដើម បានសម្រេចចិត្តបង្ហើបប្រាប់មិត្តជិតស្និទ្ធរបស់ខ្លួនថា គេនិងមិនបន្តរស់នៅក្នុងសភាពបែបនេះទៀតនោះទេ គេនិងសម្រេចចិត្តធ្វើអ្វីម៉្យាងអោយបានមុនលោក Unai Emery និយាយប្រាប់គេដោយផ្ទាល់។ នេះបានន័យថាគេបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចាកចេញពីកាំភ្លើងធំ Arsenal។