ប្រេស៊ីលអត់មានក្រុមបាល់ទាត់បុរសលេងអូឡាំពិកឆ្នាំនេះទេ
ក្រុមបាល់ទាត់ជម្រើសជាតិបុរសប្រេស៊ីល អាយុក្រោម២៣ឆ្នាំបានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិបុរសអាហ្សង់ទីន អាយុក្រោម២៣ឆ្នាំ ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង ដើម្បីយកកៅអីប្រកួតអូឡាំពិក ២០២៤ នៅក្រុងប៉ារីស ប្រទេសបារាំង។
ដូច្នេះ ក្រុមការពារមេដាយមាសបុរសប្រេស៊ីលមិនបានឡើងទៅអូឡាំពិករដូវក្ដៅ២០២៤ ឆ្នាំនេះទេ។ វាជាលើកទីមួយចាប់តាំងពីឆ្នាំ ២០០៤ ដែលប្រេស៊ីលដែលមានបំណងចង់បានមេដាយមាសជាលើកទីបីជាប់ៗគ្នានោះ មិនអាចទៅលេងបាន។
ប្រេស៊ីលបានមេដាយមាស២លើក គឺឆ្នាំ២០១៦ និង២០២០។ ចំណែកអាហ្សង់ទីនដែលបានឈ្នះមេដាយមាសក្នុងឆ្នាំ ២០០៤ និង ២០០៨។
ក្រុមដែលបានឡើងទៅអូឡាំពិក២០២៤ ជាមួយអាហ្សង់ទីន គឺប៉ារ៉ាហ្គាយ៕