តួនាទីរបស់ Eric Abidal នៅក្នុងក្លឹប Barcelona នៅដដែលបើទោះជាមានជម្លោះជាមួយ Messi
(BC-99)
លោក Eric Abidal នាយកប្រតិបត្តិរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានអះអាងថាលោកនៅតែរក្សាតួនាទីរបស់ខ្លួននៅក្នុងក្លឹបនេះដដែល បើទោះបីជាមានការរិះគន់ពីសំណាក់តារាឆ្នើម Lionel Messi ចំពោះលោកក៏ដោយ។
ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរបស់អាហ្សង់ទីន Lionel Messi បានធ្វើការរិះគន់ប្រឆាំងនឹងអតីតមិត្តរួមក្រុមរបស់ខ្លួនគឺ Abidal បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្លឹបរូបនេះបាននិយាយថាក្រុមកីឡាករ Barcelona មិនបានខិតខំប្រកួតអោយអស់ពីសមត្ថភាពនោះទេនាអំឡុងពេលដែលពួកគេឋិតនៅក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ernesto Valverde ។
អតីតកីឡាករជនជាតិបារាំងរូបនេះធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសន៍មួយថា លោកបានចាប់អារម្មណ៍ថាមានកីឡាករដែលចាប់ផ្តើមមិនចុះសម្រុងជាមួយលោក Valverde។ ពួកគេបានធ្វើអោយទំនាក់ទំនងមានការប្រេះឆា ដែលនេះគឺជាគុណវិបត្តិមួយនាំអោយក្លឹបជួបប្រទះឱនភាព ហើយលោកក៏អាចហិតក្លិនដឹងពីរឿងនេះដែរ។ បន្ទាប់មក Abidal ក៏សម្រេចចិត្តធ្វើការកោះប្រជុំដើម្បីចាត់ការលើអតីតគ្រូបង្វឹកនោះតែម្តង។
ក្រោយពីទទួលបានដំណឹងនេះ Messi វ័យ ៣២ ឆ្នាំបានឆ្លើយតបទៅកាន់ Abidal ថា៖ “នៅពេលអ្នកនិយាយអំពីកីឡាករអ្នកត្រូវតែនិយាយអោយចំឈ្មោះ បើមិនដូច្នោះទេវានឹងផ្តល់នូវអ្វីដែលមិនមែនជាការពិត។ និយាយដោយស្មោះទៅ ខ្ញុំមិនចូលចិត្តធ្វើរឿងទាំងនេះទេប៉ុន្តែខ្ញុំគិតថាមនុស្សត្រូវតែទទួលខុសត្រូវចំពោះការងាររបស់ពួកគេនិងជាម្ចាស់នៃការសំរេចចិត្តរបស់ផងគេ” ។
ក្រៅពីធានានូវកៅអីជានាយកប្រតិបត្តិរបស់ក្លឹប Abidal ក៏បង្ហាញនូវគំនិតវិជ្ជមានរបស់ខ្លួនដែរថា Messi នឹងរីករាយនៅជាមួយក្លឹបបន្តទៀតខណៈដែលកិច្ចសន្យាថ្មីក៏គេត្រៀមរួចរាល់ហើយដែរ។
គួរបញ្ជាក់ដែរថាក្រោយពីលិចធ្លាយដំណឹងអំពីការឆ្លើយឆ្លងដោយពាក្យសម្តីរបស់អ្នកទាំងពីរខាងលើ នៅតាមបណ្តារសារព័ត៌មាននៅអង់គ្លេសឯណេះវិញក៏បានចុះផ្សាយដំណឹងពីក្លឹបធំៗមួយចំនួនដែលមានចិត្តចង់បាន Lionel Messi ផងដែរ។