លោក គីម ភក្ដី ធ្លាប់មានក្ដីស្រមៃចង់ឈ្នះក្រុមថៃ និងវៀតណាម
កាលនៅរស់រានមានជីវិត លោក គីម ភក្ដី អតីតគ្រូបង្គោលក្លិបបឹងកេតបានបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុកថា ជ័យជម្នះពីការប្រកួតបាល់ទាត់លើក្រុមថៃ និងវៀតណាម គឺជាអ្វីដែលលោកតែងតែស្រមៃចង់បានក្នុងអាជីពលើវាលស្មៅរបស់ខ្លួនតាំងពីនៅជាកីឡាកររហូតដល់ពេលធ្វើជាគ្រូបង្វឹក។
លោក គីម ភក្ដី យល់ឃើញថា ប្រសិនបើកម្ពុជាមានសមត្ថភាពឈ្នះក្រុមទាំងពីរនេះ នោះក៏នឹងមានលទ្ធភាពក្លាយជាក្រុមកំពូលមួយនៅតំបន់អាស៊ានផងដែរ។ ដូច្នេះហើយបានជាលោកតែងតែព្យាយាមអភិវឌ្ឍ និងជំរុញកីឡាករកម្ពុជា ជាពិសេសកូនក្រុមឈានទៅសម្រេចក្ដីស្រមៃនេះ។
គួរដឹងដែរថា លោក គីម ភក្ដី បានទទួលមរណភាពក្នុងវ័យ៤១ឆ្នាំ ដោយរោគាពាធ កាលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២២។ នេះជាការបាត់បង់ធនធានដ៏សំខាន់មួយក្នុងបាល់ទាត់ជាតិ ដែលលោកបានរួមចំណែកជួយបណ្ដុះគ្រាប់ពូជបានយ៉ាងច្រើននាពេលកន្លងមក៕