ព្រំ សំណាង ថាប្រកួតចុងក្រោយធ្វើមិនបានល្អដោយសាររបួសត្រចៀក
អ្នកប្រដាល់ទម្ងន់ធ្ងន់ ព្រំ សំណាង បានបង្ហើបថា បញ្ហារបួសត្រចៀកខាងស្តាំ ជាមូលហេតុដែល គេប្រកួតមិនបានល្អដោយមិនអាចបញ្ចេញក្បាច់អ្វីសោះពេលប្រកួតចាញ់កីឡាករ អ៊ូបេគីស្ថាន កាលពីចុងសប្តាហ៍ នាសង្វៀន ស៊ី ធី អ៊ិន ។
កីឡាករដើមកំណើតខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្រោយចប់ការប្រកួតថា មិនដឹងរបួសនោះកើតឡើង ពេលណានោះទេ ស្រាប់តែពេលប៉ះទង្គិចអំឡុងឡើងប្រកួតនោះឈឺខ្លាំងតែម្តង ជាពិសេសពេល ចូលអោបប្រើជង្គង់គឺមិនបានឡើយពីព្រោះត្រូវប៉ះត្រង់របួសនោះឈឺខ្លាំងទើបព្យាយាម វ៉ៃមួយៗដោះខ្លួនតែម្តង ។ កូនសិស្សរបស់លោក ហង្ស សឿន បន្ថែមថា កីឡាករបរទេសម្នាក់ នោះចាញ់ជង្គង់ខ្ញុំពេលចូលអោបកាលពីជួបគ្នាលើកទីមួយ ប៉ុន្តែ ដោយសារបញ្ហានេះទើប ធ្វើអោយចាញ់ពិន្ទុគេវិញតែម្តងសម្រាប់លើកទីពីរនេះ ។ បញ្ហារបួសបូសត្រចៀកនេះដែរ ព្រំ សំណាង រៀបរាប់ ថាមិនមានអ្វីជាបញ្ហាធ្ងន់នោះទេ ក្រោយពីគ្រូពេទ្យបូមខ្ទុះចេញអស់និងលេបថ្នាំបន្ថែម បានធូរហើយ ដោយត្រូវសម្រាកមួយ ឬ ពីរសប្តាហ៍ អាចហាត់និងឡើងប្រកួតបានវិញហើយ ។
សូមបញ្ជាក់ថា ការប្រកួតចាញ់កីឡាករអ៊ូបេគីស្ថាន Mansurberk កាលពីថ្ងៃអាទិត្យ ទី ៣១ មិនា គឺជា ការចាញ់លើកដំបូងរបស់ ព្រំ សំណាង ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់គេ ៕