អេភូថង៖ ជឿជាក់លើ ឈុត សេរីវ៉ាន់ថង ចំណែក ឡុង ជិន នឹងឈ្នះ ធ្នូសឹកឡេក បើ ឡុង ជិន ពីមុនមកវិញ
នេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់លោកគ្រូ អេភូថង អតីតអធិរាជគុនខ្មែរកែងឆេះជង្គង់ហោះ ដោយលោកបានបញ្ចេញទស្សនៈទាំងនេះនៅពេលដែលលោកត្រូវបានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីថ្មីមួយរបស់ CBS ដែលជាកម្មវិធីចាក់ផ្សាយអំពីវិភាគគុនខ្មែរ។ទាក់ទងទៅនឹងកីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង ដែលជាបេក្ខភាពឡើងទៅស្វ័យប្រវត្តិក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ លោកគ្រូ អេភូថង បាននិយាយយ៉ាងក្បោះក្បាយថា កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង រូបនេះកំពុងតែឡើងកូដយ៉ាងខ្លាំងក្នុងអាជីពមួយនេះ ដូច្នោះហើយក្នុងចំណោមបេក្ខភាពកីឡាករថៃទាំង៤រូបនេះ មិនងាយមាននរណាអាចទប់ដំណើរទៅមុខរបស់កីឡាករបាត់ដំបងរូបនេះបានឡើយ ហើយសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះជាមួយ សុផាបណយ ក្នុងជុំទី៤ គឺច្បាស់ណាស់ថាកូនលោកគ្រូ ឈុត សារី ត្រូវតែឈ្នះ។
រីឯកីឡាករ ឡុង ជិន វិញ លោកគ្រូអេភូថង ក៏បាននិយាយរៀបរាប់ដែរថា កីឡាករថៃ ធ្នូសឹកឡេក ល្អតែមើលទេ បើឲ្យលោកនិយាយសរសើរកីឡាកររូបនេះ គឺលោកមិនសរសើរឡើយ ដោយហេតុផលថា ធ្នូសឹកឡេក រស់តែមួយច្រក ចំណែកឯ ឡុង ជិន វិញ មានក្បាច់សព្វគ្រប់ ពោលគឺនូវស្ទើរតែចិត្ត ប្រសិនបើ ឡុង ជិន ធ្វើបានល្អដូចពីមុន ច្បាស់ណាស់គឺកូនសិស្សលោក មាស វណ្ណីឌី មានភាគរយឈ្នះច្រើនលើកីឡាករថៃរូបនេះ។
សម្រាប់ការប្រកួតជុំទី៤ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣នាសប្តាហ៌ថ្ងៃអាទិត្យនេះ ឈុត សេរីវ៉ាន់ថង ត្រូវវិលទៅប៉ៈជាមួយកីឡាករថៃ សុផាបណយ ចំណែកឯ ឡុង ជិន ត្រូវវិលទៅប៉ៈជាមួយ ធ្នូសឹកឡេក ដោយកម្មវិធីនឹងធ្វើការផ្សាយផ្ទាល់ចាប់ពីម៉ោង១១ថ្ងៃតទៅនៅCNC៕