មឿន សុខហ៊ុច និង ថុល មករា ផ្លាស់មកចូលរួមជាមួយក្លិបប្រដាល់ នាយកដ្ឋានអង្គរក្ស
តាមការបញ្ជាក់របស់លោកគ្រូ ស៊ន អេលីត គ្រូបង្វឹកក្លិបប្រដាល់ គុនខ្មែរនាយកដ្ឋានអង្គរក្ស អ្នកប្រដាល់គុនខ្មែរពីរ រូបដែលខកខានឡើងសង្វៀនរយ:ពេលយូរ មឿន សុខហ៊ុន និង ថុល មករា នឹងមកចូលរួមជាមួយក្លិបរបស់ លោកនៅពេលខាងមុខនេះ ។
ការទទួលយកកីឡាករទាំងពីររូបនេះគឺធ្វើឡើងតាមការស្នើសុំរបស់កីឡាករផ្ទាល់ និងមានការសម្របសម្រួលពី ក្លិបរបស់ពួកគេផងដែរ ។
មឿន សុខហ៊ុច ជាកីឡាករនៅក្លិប ពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ នៃសមាគមកីឡាខេមរភូមិន្ទ បានខកខានឡើងសង្វៀន ជិត១ឆ្នាំមកហើយ ដោយសារ របួសបាក់ជើង ក្នុងអំឡុងការប្រកួតជាមួយ ឡុង សំណាង ។ កូនសិស្ស ណន រិទ្ធិ ធ្លាប់មានខ្សែក្រវាត់ច្រើនគ្រឿង ដូចជាខ្សែក្រវាត់គោជល់ , ខ្សែក្រវាត់ស្រាបៀរកម្ពុជា និងខ្សែក្រវាត់ Max Muay Thai ជាដើម ។
មឿន សុខហ៊ុច បានធូរច្រើនហើយ សម្រាប់របួសជើងរបស់គេ ហើយត្រៀមមកហ្វឹកហាត់នៅក្លិប នាយកដ្ឋានអង្គរក្ស ដែលជាក្លិបថ្មីរបស់គេនាខែ កុម្ភៈ ២០២១ នេះ ។
ចំណែក ថុល មករា បានផ្អាកឡើងសង្វៀនតាំងពីឆ្នាំ ២០១៨ ដោយសាររបួស ហើយបានវិលមកសង្វៀនវិញ នាឆ្នាំ ២០២០ បាន១ប្រកួតក៏បន្តសម្រាកទៀត ។
កីឡាករនៅក្លិប ឃ្លាំងមឿនកីឡា ក៏មានបទពិសោធន៍ប្រកួតច្រើនដែរ ទាំងអន្តរជាតិ និងធ្លាប់ចេញទៅថៃ ទៀតផង ។
សូមបញ្ជាក់ថា ក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស បច្ចុប្បន្នមានកីឡាករល្អៗច្រើន នៅពេលចេញប្រកួតម្តងៗ តែងតែទទួលការឧបត្ថម្ភពីថ្នាក់លើ នៅពេលទទួលជ័យជំនះ រឺផ្ដួលគូប្រកួតសន្លប់ ៕