វិរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត ផ្ញើសារទៅ ចាន់ វឌ្ឍនាកា អោយខំបន្តទៀត
ក្រោយចាញ់មីយ៉ាន់ម៉ា ៤ ទល់ ១ ក្នុងពានរង្វាន់ AFF SUZUKI CUP ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ដែលរកបានមួយគ្រាប់ក្នុងគ្រានោះ ហាក់បីមិនសប្បាយចិត្តជាមួយក្រុមជម្រើសជាតិបន្ទាប់គ្រូបង្វឹក បានផ្លាស់ប្តូររូបគេនៅដើមវគ្គទី២ ទាំងមិនមានបញ្ហារបួសសោះ ។
ក្រោយចប់ការប្រកួតនោះខ្សែប្រយុទ្ធមកពីក្លិបបឹងកេតបានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ ( ខ្ញុំមិនមានសមត្ថភាពជាប់ជម្រើសជាតិទេ ) ដែលធ្វើអោយអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិរៀងៗ ទាក់ទងទៅនឹងរូបគេ ក្នុងនោះវិរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត ក៏បានផ្តល់កម្លាំងចិត្តទៅកាន់ ចាន់ វឌ្ឍនាកា ថា៖ សូម វឌ្ឍនាកា កុំគិតខ្លីនេះមិនមែនកំហុសកីឡាករនោះទេ វាជាកំហុសក្នុងក្រុម ទាំងមូលតែម្តង ។ ស្រុកណាក៏ដូចស្រុកណាដែរ វឌ្ឍនាកា ឯងធ្វើបានល្អហើយ ប៉ុន្តែខ្ញុំមើលទៅ ក្រុមជម្រើសជាតិអន់កម្លាំងនៅនាទីចុងក្រោយ ដូចនេះយើងត្រូវគិតជាថ្មីថាហេតុអ្វីយើងអន់កម្លាំង នៅចុងម៉ោង តើមកពីអ្វី ញាំមិនគ្រប់គ្រាន់ ? គេងមិនគ្រប់គ្រាន់ រឺ ហាត់មិនដល់? យើងត្រូវសួរខ្លួនឯង ហើយរកវិធីកែអោយបានល្អវិញ ។ សុំទោសខ្ញុំនិយាយទាំងអស់គ្នា មិនសំដៅទៅនរណាម្នាក់ទេ !
សូមបញ្ជាក់ថា ក្រោមការដឹកនាំពីគ្រូបង្វឹកថ្មីលោក Felix និងអ្នកចាត់ការក្រុម Honda ក្រុមគោព្រៃមិន ទាន់រកបានជ័យជម្នះនោះទេ ។ សម្រាប់ការប្រកួតពានរង្វាន់ AFF SUZUKI CUP ២០១៨ ពីរប្រកួតចាញ់ ម៉ាឡេស៊ី ១ ទល់ ០ និង ចាញ់ មីយ៉ាន់ម៉ា ៤ ទល់ ១ ខណៈថ្ងៃទី ២០ វិច្ឆិកា នេះត្រូវទទួល ស្វាគមន៍ក្រុមឡាវ នាពហុកីឡដ្ឋានជាតិអូឡំាពិក ៕