មុននឹងធ្វើដំណើរទៅប្រកួតកម្មវិធី ថៃហ្វៃ កែវ រំចង់ នូវព្រួយបារម្ភរឿងមួយ
កំពូលអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ នឹងធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ទឹកដីនៃប្រទេសថៃនៅថ្ងៃទី២១ ខែវិច្ឆិកានេះ ដើម្បីត្រៀមខ្លួនប្រកួតនៅក្នុងកម្មវិធី ថៃហ្វៃ ដែលជាសង្វៀនដ៏ល្បីឈ្មោះមួយរបស់ប្រទេសថៃ។ សព្វថ្ងៃនេះអ្នកប្រដាល់គុនខ្មែរដែលមានដើមកំណើតក្នុងខេត្តបាត់ដំបង កំពុងព្យាយាមសម្រក់គីឡូឲ្យត្រូវតាមលក្ខខណ្ឌរបស់កម្មវិធីគឺប្រកួតវិលជុំលើប្រភេទ៧១គីឡូក្រាម។
ក្រៅពីធ្វើគីឡូឲ្យត្រូវតាមស្តង់ដា កែវ រំចង់ កំពុងតែធ្វើការហ្វឹកហាត់ទៅលើស្ទុះនិងបង្កើនបច្ចេកទេស ហើយអ្វីដែលអ្នកប្រដាល់គុនខ្មែរព្រួយបារម្ភជាងគេគឺកំលាំងតែម្តង។ កែវ រំចង់ បានប្រាប់ MSR ឲ្យដឹងថា អ្វីៗរូបគាត់បានត្រៀមខ្លួនរួចហើយ តែអ្វីដែលរូបគាត់ព្រួយបារម្ភជាងគេគឺកំលាំង ដោយអ្នកបាត់ដំបងរូបនេះមានអារម្មណ៌ថាកំលាំងរបស់លោកគឺមិនទាន់ឈានទៅដល់កំរិតកំពូលដែលលោកចង់បាននោះទេ ពោលគឺ កែវ រំចង់ ចង់បានកំលាំងដែលរូបគេធ្លាប់ទៅប្រកួតនៅ ថៃហ្វៃ កន្លងមកយកមកវិញ។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ កែវ រំចង់ នឹងប្រកួតវិលជុំលើប្រភេទទំងន់៧១គីឡូក្រាម ដែលការប្រកួតធ្វើឡើងនៅខេត្ត សារៈបុរី ប្រទេសថៃ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ហើយសម្រាប់ការប្រកួតវិលជុំនោះមានខ្មែរម្នាក់ (កែវ រំចង់) ថៃ១(សែន ស្ថាន) និងកីឡាករបរទេស២ផ្សេងទៀត រួមនឹងគូពិសេសជាច្រើនទៀតផងដែរប្រកួត ហើយអ្នកឈ្នះនិងត្រូវប្រកួតជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២២ ខែធ្នូ ២០១៨៕