បឺត ខាំ មិនអាចវិលចូលសង្វៀនគុនខ្មែរវិញទេ
គម្រោងក្នុងការវិលចូលប្រឡូកគុនខ្មែរវិញរបស់កំពូលអ្នកប្រដាល់ប្រើបច្ចេកទេស បឺត ខាំ មិនអាច សម្រេចបាននោះទេ ក្រោយពីរូបលោកទើបទទួលបានតំណែងជាអ្នកវិនិយោគអចលនទ្រព្យ (លក់ដីឡូត៍)ក្នុងក្រុមហ៊ុន សេង ហាន ។ តាមការបញ្ជាក់របស់ បឺត ខាំ ថាលោកពិតជាចង់ឡើងប្រកួតវិញមែន ប៉ុន្តែវាប្រហែលមិនអាចទៅរួច នោះទេ ព្រោះលោករវល់ច្រើនជាមួយការងារដែលលោកកំពុងធ្វើបច្ចុប្បន្ន ដូចនេះហើយមិនមាន ពេល គ្រប់គ្រាន់សម្រាប់សម្រកគីឡូនោះទេ ។
ម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿងរូបបន្ថែមថា បើចាំតែហាត់ដើម្បីប្រកួតលោកមិនមានប្រាក់ផ្គត់ផ្គង់គ្រួសារ នោះទេ ហើយការឡើងប្រកួតក៏មិនបានញឹកដែរ ព្រោះវ័យកាន់តែចាស់ ហើយគីឡូក៏ធ្ងន់ ណាមួយ លោកមិនចង់ឡើងប្រកួតគីឡូធំនោះទេ បើមិនបានក្រោម៧០គីឡូលោកមិនប្រកួតឡើយ កុំអោយ ខូចឈ្មោះ ។ ដូច្នេះហើយវាពិតជាពិបាកណាស់ដើម្បីចង់ឡើងសង្វៀនវិញ មានតែការចាប់យក អ្វីផ្សេងដែលជាជម្រើសល្អជាងហ្នឹងទេ ទើបជីវភាពអាចធូរខ្លះ ។
គួររំលឹកថា អ្នកប្រដាល់ល្បិចច្រើនជាងកម្លាំងរូបនេះបានដាក់គោលដៅមួយខែរឺពីរខែដើម្បីសម្រកគីឡូអោយ សមស្របតាមកម្ពស់កម្លាំងនិងវ័យដែលប្រកួតជាមួយកីឡាករបរទេសបានល្អ ក្រោយផ្អាក់ឡើងសង្វៀនរយៈពេលជាង២ឆ្នាំ ពោលតាំងពីឆ្នាំ២០១៦ ក្រោយមានបញ្ហារបួសជើង ក្នុងការប្រកួតចាញ់កីឡាករថៃ ៕