សហព័ន្ធបើកវគ្គបណ្តុះបណ្តាលបង្រៀនអ្នកចង់ក្លាយជាគ្រូបង្ហាត់គុនខ្មែរ
សហព័ន្ធប្រដាល់គុនខ្មែរបានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋមរយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។ កម្មវិធីនេះមានការចូលរួមពីឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងតំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងអគ្គនាយកកីឡាជាតិ គ្រូបង្វឹកគុនខ្មែរ សាស្ត្រាចារ្យកីឡា និង សិក្ខាកាម ផងដែរ ។
សម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋមនេះ បង្រៀនអំពី របៀបថ្វាយបង្គំគ្រូ , ក្បាច់ប្រយុទ្ធ និងការពារ , បទបញ្ជាបច្ចេកទេសប្រកួត , វិធីសាស្ត្របង្ហាត់ កម្លាំងកាយ អំណត់ និង ភាពទន់ភ្លន់ , របៀបធ្វើផែនការហ្វឹកហាត់ , វគ្គកិច្ចតែងការសម្រាប់គ្រូបង្វឹក , វិធីសាស្ត្រប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា , ចិត្តសាស្ត្រ និង ក្រមសីលធម៌ វិជ្ជាជីវៈ ជាដើម ។
វគ្គទាំងអស់នេះបង្រៀនដោយគ្រូបង្វឹកតាមក្លិបប្រដាល់ដែលមានបទពិសោធច្រើន និងសាស្ត្រាចារ្យ ក្នុងវិស័យកីឡា ផងដែរ ។
សិក្ខាកាម ២៦ នាក់ដែលចូលរួមរៀនវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋមនេះ មានគ្រូបង្វឹកតាមក្លិបប្រដាល់គុនខ្មែរ មានអតីតកីឡាករប្រដាល់គុនខ្មែរ និងកីឡាករគុនខ្មែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីរៀនចប់ សិក្ខាកាមទាំងអស់ត្រូវប្រឡងដើម្បីទទួលបានសញ្ញាប័ត្រដែលចេញដោយសហព័ន្ធប្រដាល់គុនខ្មែរ បើសិនប្រឡងធ្លាក់មិនទទួលបានសញ្ញាប័ត្រនោះទេ ៕