អ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ផ្អាកឡើងសង្វៀន មកធ្វើជាអ្នកចំការវិញ
អស់រយៈកាលជាច្រើនខែមកហើយដែលទស្សនិកជនមិនដែលឃើញវត្តមានអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការនាៗជាពិសេសការប្រកួតសង្វៀន One Championship ខណៈពេលដែលកីឡាករគុនចម្រុះរបស់កម្ពុជាជាច្រើនរូបកំពុងតែមានវត្តមានប្រកួតក្នុងសង្វៀនមួយនេះ។
បើតាមការបញ្ជាក់របស់អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកំពង់ចាមរូបនេះបានរៀបរាប់ថា មូលហេតុដែលរូបគេមិនមានវត្តទៅប្រកួតនៅក្រៅស្រុកដូចកីឡាករកម្ពុជាដទៃទៀត ដោយសារតែ៥ទៅ៦ខែមុនមានបញ្ហាប្រេះឆ្អឹងដៃ តែឥឡូវនេះបញ្ហារបួសដៃក៏បានជាសៈស្បើយដូចធម្មតាវិញ តែជាអកុសលអ្វី នៅពេលរូបខ្លួនទៅធ្វើការហ្វឹកហាត់ដូចសព្វដងក៏ជួបរឿងស៊យមួយទៀតគឺជាប់សរសៃស្មា ដែលជាហេតុបណ្តាលអោយរូបខ្លួនមិនអាចបន្តការហ្វឹកហាត់ទៀតបាន។
ក្រៅពីអាជីពជាអ្នកប្រដាល់គុនចម្រុះ សឹម ប៊ុនស្រ៊ន់ ក៏ជាអ្នកធ្វើចំការដ៏ពិនប្រសព្វមួយផងដែរ ដោយមួយរយៈនេះកំពុងតែមម៉ាញឹកជាមួយនឹងការបណ្តុះរុក្ខជាតិល្មើរលក់ ដោយដើមល្មើរនេះមានសារៈប្រយោជន៍ជាច្រើនដូចជា ដើមក៏អាចលក់បាន គ្រាប់ក៏អាចលក់បានដូចគ្នា, ប៊ុនស្រ៊ន់ បានបញ្ជាក់បន្ថែមថា ដើមល្មើរកំពុងតែមានការពេញនិយមពីសំណាក់ប្រជារាស្រ្តកម្ពុជា ដោយដើមល្មើរ១ដើមពេញរូបពេញរាងអាចលក់បានពីចន្លោះ១ពាន់ដុល្លារទៅ២ពាន់ដុល្លារ ហើយផ្លែល្មើរទៀតសោតក៏អាចយកមកបរិភោគនឹងជួយកាត់បន្ថយជំងឺជាច្រើនមុខដូចជា: ជួយសុខភាពបេះដូង បង្កើនគ្រាប់ឈាមក្រហម កាត់បន្ថយភាពតានតឹង នឹងជំងឺជាច្រើនមុខផ្សេងទៀត៕